ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ៣១.០០០ដុល្លារ ដល់កីឡាករបាល់ទាត់អាយុក្រោម១៨ឆ្នាំ ក្រោយបំបែកកំណត់ត្រាថ្មីនៅវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ កីឡា - សុខភាព 20

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាសរុប ៣១.០០០ដុល្លារសហរដ្ឋអាមេរិក ដល់ក្រុមកីឡាការបាត់ទាត់អាយុក្រោម១៨ឆ្នាំ គ្រូបង្វឹក និងក្រុមការងារ បន្ទាប់ពីពួកគេបានបំបែកកំណត់ត្រាថ្មីក្នុងការប្រកួតនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ថវិការបស់សម្តេចទាំងទ្វេ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រគល់ជូនដោយផ្ទាល់ដៃក្នុងកិច្ចសំណេះសំណាល និងស្វាគមន៍ដល់កីឡាករ គ្រូបង្វឹក និងក្រុមការងារនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បន្ទាប់ពីពួកគេបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

ក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារសរុបមានគ្នាចំនួន ៣១នាក់ ដូច្នេះថវិកាឧបត្ថម្ភនេះ គឺទទួលបាន១នាក់ ១ពាន់ដុល្លារស្មើៗគ្នា។

សូមបញ្ជាក់ថា ក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំរបស់កម្ពុជា បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានប្រកួតយកឈ្នះថៃ ក្នុងលទ្ធផល ៤-៣ និងប្រទេសវៀតណាម ក្នុងលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍ប្រកួត AFF U-18 Championship 2019 នៅប្រទេសវៀតណាម។

លទ្ធផលនេះ បើទោះបីកម្ពុជា មិនអាចឡើងទៅវគ្គបន្ទាប់យ៉ាងណាក្តី តែនាំឱ្យមានការអបអរសាទរយ៉ាងខ្លាំងចំពោះក្រុមកីឡាករខ្មែរ ដោយពួកគេចាត់ទុកថា ការយកឈ្នះក្រុមកីឡាករថៃ និងវៀតណាម មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះក្រុមទាំងពីរនេះជាក្រុមខ្លាំងនៅក្នុងតំបន់។ ប្រជាពលរដ្ឋខ្មែរស្នេហាវិស័យកីឡាចាត់ទុកលទ្ធផលនេះជាកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិបាល់ទាត់កម្ពុជា។

លទ្ធផល៥ប្រកួត កម្ពុជាទទួលបាន ៦ពិន្ទុក្នុងពូល ក្រោយយកឈ្នះថៃ ៤-៣ ឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ តែចាញ់ សិង្ហបុរី ១-០, ចាញ់ ម៉ាឡេស៊ី ៣-០ និងចាញ់អូស្ត្រាលី ៥-១៕

អត្ថបទទាក់ទង