ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « ឧបាយកលចាស់ សកម្មភាពថ្មីរបស់សម រង្ស៊ី តាមរយៈផែនការរំកិលការវិលចូលស្រុកវិញ! »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លិខិតមិត្តអ្នកអាន៖ « ឧបាយកលចាស់ សកម្មភាពថ្មីរបស់សម រង្ស៊ី តាមរយៈផែនការរំកិលការវិលចូលស្រុកវិញ! » លិខិតមិត្តអ្នកអាន៖ « ឧបាយកលចាស់ សកម្មភាពថ្មីរបស់សម រង្ស៊ី តាមរយៈផែនការរំកិលការវិលចូលស្រុកវិញ! »

«ផែនការរំកិល» ដើម្បីពន្យារល្បិចឆបោកគឺជាយុទ្ធសាស្ត្រ ដែលលោក សម រង្ស៊ី បានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ។ ផែនការនេះគឺដើម្បីពន្យារពេលអនុវត្តរាល់ការសន្យាខ្យល់ និងឈានទៅបំភ្លេចពាក្យសន្យាចោលតែម្តងនៅទីបំផុត។

ស្ទើរតែគ្រប់រឿងធំៗដែលលោក សម រង្ស៊ី ដឹងថាខ្លួនឯងធ្វើមិនបានតែបានប្រកាសធ្វើដូចជាច្បាស់លាស់មែនទែនណាស់ដើម្បីបំពេរនិងទាក់ទាញទំនុកចិត្តអ្នកគាំទ្រឲ្យពុះកញ្ជ្រោល និងសុខចិត្តលះបង់លុយកាក់ដើម្បីជួយគាត់តាមគម្រោងផែនការប្រជាភិថុតជាបន្តបន្ទាប់។ ប៉ុន្តែ នៅពេលដែលគាត់ដឹងខ្លួនថាមិនអាចធ្វើតាមផែនការបាន លោក សម រង្ស៊ី តែងតែរកលេសនិងបង្កើតលេសនេះ លេសនោះដើម្បីរំកិលផែនការរបស់ខ្លួនឲ្យទៅមុខជាបន្តបន្ទាប់ ហើយនៅទីបំផុតក៏បំភ្លេចពាក្យសន្យាចោលដោយទុកឲ្យវាស្ងប់ស្ងាត់ទៅយ៉ាងរលូនដូចជនបរទេសតែងតែនិយាយរត់មាត់ថា ” Time flies Time will tell us ” ។

តើមានប៉ុន្មានលើក ប៉ុន្មានសារ ហើយដែលលោក សម រង្ស៊ី បានប្រើល្បិចកលបែបនេះ? ចម្លើយគឺរាប់មិនអស់នោះទេ។ និយាយជារួម “សម រង្ស៊ី ប្រើឧបាយកលចាស់ សកម្មភាពថ្មី តែគោលដៅនៅដដែល ” គឺអត់ហ៊ានចូលស្រុកវិញដដែលជាដដែល។

រឿងធំៗដែលខ្ញុំនៅចងចាំបានយ៉ាងច្បាស់មានដូចជា ការបង្កើតទូរទស្សន៍ព្រះអាទិត្យ និងផែនការវិលត្រឡប់ចូលស្រុកប៉ុន្មានលើកមកហើយ ព្រមទាំងផែនការខ្យល់ជាច្រើនទៀតដែល សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលដើម្បីប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្រនៅឯក្រៅប្រទេស។ ឥឡូវនេះ ល្បិចកលដដែលៗនេះក៏ត្រូវបានគាត់យកមកប្រើប្រាស់ជាថ្មីហាក់ដូចជាគ្មានការអៀនខ្មាស់បន្ទិចណាសោះ។

ខ្ញុំនៅចាំបានថា នៅពេលដែលការគាំទ្របានបាត់បង់ស្ទើរតែទាំងស្រុងក្រោយពីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដោយបំពានលក្ខន្តិកៈបក្សរួចមក ជាពិសេសបន្ទាប់ពីការបរាជ័យដ៏ជូរចត់ក្នុងការបង្កើតចលនាសង្គ្រោះជាតិរួចមក លោក សម រង្ស៊ី ស្រាប់តែចេញមកប្រកាសអំពីផែនការរៀបចំដំណើរវិលចូលស្រុកវិញ។
ផែនការនេះបើស្តាប់ទៅវាហាក់ដូចជាហំហែងណាស់ ដោយក្រុមពួកគាត់មានរៀបចំគណៈកម្មការរៀបចំដំណើររបស់ សម រង្ស៊ី មានទាំងអ្នកនាំពាក្យគណៈកម្មការនេះថែមទៀតផង។

ប៉ុន្តែ គេប្រាកដជាមិនទាន់ភ្លេចទេថា ដំបូងឡើយ សម រង្ស៊ី ប្រកាសថានឹងវិលចូលស្រុកមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់មកក៏បាត់ស្រមោលរហូត។ ចុងក្រោយនេះ ក៏ប្រកាសយ៉ាងហំហានម្តងទៀតថា ចូលមកចាប់លោក ហ៊ុន សែន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធក្រោកឈរឡើងប្រឆាំងលោក ហ៊ុន សែន។ តែដល់ពេលឃើញសភាពការណ៍ស្ងាត់ជ្រាបនិងត្រូវគេចំអកថែមទៀត សម រង្ស៊ី ក៏ក្រឡាស់សម្តីថា មិនមែនខ្លួនគាត់ទេដែលចូលមកចាប់លោក ហ៊ុន សែន នោះគឺទុកឲ្យប្រជាពលរដ្ឋជាអ្នកចាប់វិញ។ ក្រោយមក សម រង្ស៊ី ក៏បានអះអាងទៀតថា នឹងចូលមកស្រុកខ្មែរនៅពេលណាដែលអន្តរជាតិសំពងលោក ហ៊ុន សែន ឲ្យទក់សាច់​សិន។ ប៉ុន្តែ រហូតមកដល់ពេលនេះ អន្តរជាតិក៏ស្ងាត់ឈឹងដែរ រីឯ សម រង្ស៊ី ក៏មិនឃើញអើតក មកនៅឡើយ។

ថ្មីៗនេះ លោកស្រីមួរសុខហួរក៏បានចេញមុខមកប្រកាសម្តងទៀតថា លោកប្រធាននឹងវិលចូលស្រុកខ្មែរវិញក្នុងខែសីហា ឬមិនឲ្យហួសពីដើមខែកញ្ញា ២០១៩ឡើយ។ ឥឡូវ ពេលខែសីហាចូលមកដល់ ស្រាប់តែ សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលម្តងទៀតដោយប្រកាសថា ដោយសារគ្មានខែទី១៣ ដូច្នេះ ការវិលចូលស្រុករបស់គាត់មិនឲ្យលើសពីខែ ១២ឡើយ។ ហើយជាថ្មីម្តងទៀត នៅថ្ងៃទី12 សីហា នេះ សម រង្ស៊ី បាននិយាយលួងលោមអ្នកគាំទ្រថា នៅមិនទាន់ហ៊ានប្រកាសថានឹងចូលស្រុកថ្ងៃណានៅឡើយទេដើម្បីកុំឲ្យបែកការដែលនេះគេអាចយល់យ៉ាងងាយបានថា ជាការបង្កើតលេសសំរាប់បំរើអោយផែនរំកិលមិនហ៊ានវិលចូលស្រុកវិញតាមការអួតអាងរបស់ខ្លួនថាមិនអោយហួសពីខែ កញ្ញា ២០១៩។

ខ្ញុំអាចវាយតំលៃទុកជាមុនថា ផែនការរំកិលរបស់លោក សម រង្ស៊ី មិនបញ្ចប់ត្រឹមនេះទេ។ គាត់នឹងរកលេសថ្មីៗថែមទៀត ដើម្បីរំកិលរហូតគ្មានទីបញ្ចប់ពីព្រោះសូម្បីតែមនុស្សដែលជិតស្និទ្ធបំផុតរបស់គាត់ក៏និយាយពីក្រោយខ្នងគាត់ថា “មនុស្សដូច សម រង្ស៊ី ដែលកើតចេញពីត្រកូលអភិជននិងធ្លាប់រស់នៅតាមរបៀបត្រកូលអ្នកមាន ហើយធំដឹងក្តីនិងធ្លាប់រស់ស្រួលហឺហារ នៅតែក្រៅប្រទេស មិនដែលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ មិនដែលគោរពការសន្យា ដែលខ្លួនបានប្រកាស មិនដែលចេះអៀនខ្មាសនឹងពាក្យភូតកុហករបស់ខ្លួន និងមិនដែលខ្វល់នឹងការឈឺចាប់របស់អ្នកណាឡើយ” ។

ទោះជាយ៉ាងនេះក៏ដោយ ម្តងហើយម្តងទៀត យុទ្ធសាស្ត្ររំកិលដ៏ចាស់គំរឹលនៅតែត្រូវបានលោក សម រង្ស៊ី យកមកប្រើដើម្បីបោកប្រាស់ និងរំលោភសេចក្តីទុកចិត្តរបស់សកម្មជននិងអ្នកគាំទ្ររបស់ខ្លួនឥតកែប្រែ។

ឥឡូវនេះដល់ពេលដែលលោក សម រង្ស៊ី ទទួលផលកម្មតាមលំនាំ «ភូតច្រើន ចាញ់អាត្មា» ហើយ។ សកម្មជននិងអ្នកគាំទ្រ សម រង្ស៊ី ច្រើនលើសលប់បានដកសេចក្តីទុកចិត្តស្ទើរទាំងស្រុងពីព្រោះតែពាក្យសន្យាអត់ន័យដែលធ្វើឲ្យពួកគេខ្មាសគេជំនួសលោកប្រធាន។ អ្នកនៅក្នុងស្រុកជាពិសេសនៅតាមទីប្រជុំជន ហាងកាហ្វេ។ល។ អស់សង្ឃឹមនឹងពាក្យភូតកុហកជាបន្តបន្ទាប់ហើយលែងហ៊ានដាក់លុយភ្នាល់រឿងលោក រង្ស៊ី ចូលស្រុកវិញ ព្រោះធ្លាប់ចាញ់ឡើងល្ងិតមុខអស់ជាច្រើនលើកច្រើនសារ ហើយ រីឯអ្នកនៅក្រៅស្រុកក៏កាន់តែបាត់ជំនឿហើយក៏ឈប់ផ្តល់ស្រោមសំបុត្រដើម្បីផ្តល់ដង្ហើមនយោបាយដល់លោក សម រង្ស៊ី ទៀតដែរ។

ខ្ញុំអាចវាយតំលៃបានថា ពេលនេះ លោកសម រង្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច»​ ពោលគឺគាត់ប្រមូលលុយមិនសូវបានដូចមុនទៀតទេ ហើយជីវិតនយោបាយក៏បានដើរដល់ផ្លូវទាល់គ្មានច្រកចេញដែរ។ មន្ត្រី និងសកម្មជននៃអតីតបក្សប្រឆាំងជាច្រើនកំពុងប្រមូលផ្តុំគ្នាត្រៀមបង្កើតបក្សនយោបាយថ្មីដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។ ម៉្យាងវីញទៀត ឆ្នាំនេះ សម រង្ស៊ី ក៏មានអាយុ ៧០ ចូល ៧១ ឆ្នាំហើយ គឺជាអាយុចាស់ជ្រុលហ៊ុមព័ទ្ធដោយជំងឺប្រចាំខ្លួនដែលមិនអនុគ្រោះក្នុងការធ្វើជាតំណាងឲ្យក្រុមប្រឆាំងហើយក៏ជាអាយុមិនអាចទ្រាំអត់ធ្មត់ធ្វើការតស៊ូនយោបាយពីក្នុងគុកនោះបានដែរ។

ដូច្នេះ ខ្ញុំយល់ថាផ្លូវមានតែមួយគត់សម្រាប់ សម រង្ស៊ី ដើម្បីចាកចេញពីឆាកនយោបាយដោយមិនចាំបាច់ឲ្យគេផាត់ចោលទាន់ គឺការប្រកាស លើកទង់ស ហើយលាចាកពីពិភពនយោបាយដោយខ្លួនឯងព្រោះផែនការរំកិលដែលជាល្បិចចាស់គំរឹលដើម្បីពន្យារពេលការបោកប្រាស់ដូចដែលគាត់ធ្លាប់ប្រើកន្លងទៅ វាបានសាបរលាបនិងគ្មានប្រសិទ្ធភាពទៀតទេនៅក្នុងស្ថានភាពដែលផ្ទៃក្នុងក្រុមប្រឆាំងកំពុងប្រះឆារ យ៉ាងធ្ងន់ធ្ងរបែបនេះ។

តាមពិត លោក សម រង្ស៊ី គួរតែដកខ្លួនចេញពីពិភពនយោបាយតាំងពីក្រោយការប្រកាសលាចេញពីតំណែងប្រធានបក្សមកម៉្លេះពីព្រោះ ពេលនោះហើយដែលគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ពីភាពកម្សោយរបស់ សម រង្ស៊ី។ ប៉ុន្តែ ដោយគាត់ជាអ្នកនយោបាយដែលស្គាល់តែបរាជ័យហើយមិនដែលមានសេចក្តីក្លាហានក្នុងការទទួល
ស្គាល់​ចំណុចខ្សោយរបស់ខ្លួនឡើយ សម រង្ស៊ី ក៍នៅតែបន្តប្រើឧបាយកលចាស ល្បិចកលថ្មីៗ ដើម្បីវិលមកដណ្តើមអំណាចក្នុងបក្សវិញ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមើលមិនឃើញសញ្ញាណា រឺ ពន្លឺណាមួយ សូម្បីតែបន្តិចដែលបង្ហាញថា សម រង្ស៊ី អាច រឺ ហ៊ានវិលចូលស្រុកវិញនោះឡើយ ព្រោះអាជ្ញាធរមានសម្ថកិច្ចបានបញ្ជាក់ពីជំហរ ហ្មឺងម៉ាត់ដាច់ខាតក្នុងការចាប់ខ្លួនគាត់តាមដិការបញ្ជារបស់តុលាការ។ ប៉ុន្តែ ការហ៊ានចូលមកជាប់គុកនេះគឺពិតជាជម្រើស ដែលគ្មានអ្នកណាជឿថា សម រង្ស៊ី អាចហ៊ាននោះទេពីព្រោះគ្រប់គ្នាសុទ្ធតែបានស្គាល់ច្បាស់ដូចក្រយៅដៃនូវចរិតនិងសារជាតិរបស់ សម រង្ស៊ី ដែលជាមនុស្សពូកែតែនិយាយ តែមិនពូកែធ្វើដូចមាត់នោះឡើយ។

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ