ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គម Facebook ចំនួន២បទល្មើស
ក្រោយបញ្ចប់ការស៊ើបសួរលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ម៉ៃ ហុងស្រៀន លើបទល្មើសចំនួន២ ទី១- ញុះញង់ឲ្យនានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។ ហើយសំណុំរឿងនេះ នឹងត្រូវបញ្ជូនបន្តទៅចៅក្រមស៊ើបសួរនៅថ្ងៃដដែលនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ។
សូមបញ្ជាក់ថា នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់តរូបភាពផ្សេងៗ មកកាន់សាលាដំបូងរាជធានីរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងបើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
កម្លាំងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនជននេះ ដែលបានប្រមាថថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook ដោយប្រើពាក្យអសុរស និងចេតនាញុះញង់ឲ្យចលាចលសង្គម និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។
លោក ជា ពៅ ប្រធាននាយកដ្ឋាន បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។
លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅផ្លូវ២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម ៕