ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យប្រទេសដែលរិះគន់កម្ពុជារឿងទទួលជំនួយពីចិនគួរផ្តល់ជំនួយមកកម្ពុជាដូចប្រទេសចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យប្រទេសដែលរិះគន់កម្ពុជារឿងទទួលជំនួយពីចិនគួរផ្តល់ជំនួយមកកម្ពុជាដូចប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យប្រទេសដែលរិះគន់កម្ពុជារឿងទទួលជំនួយពីចិនគួរផ្តល់ជំនួយមកកម្ពុជាដូចប្រទេសចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកាន់ក្រុមប្រទេសដែលតែងរិះគន់កម្ពុជាជុំវិញរឿងទទួលជំនួយពីប្រទេចិន គួរតែផ្ដល់ជំនួយមកកម្ពុជាឲ្យដូចចិនអញ្ចឹងដែរ។ ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះ គឺបន្ទាប់ពីមានការរិះគន់ ហើយលាបពណ៌កម្ពុជាថា បានងាក ងោកទៅរកចិនខ្លាំងជ្រុល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដែលបាន និងកំពុងដំណើរការសាងសង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្តែងការហួសចិត្ដចំពោះប្រទេសមួយចំនួន ដែលតែងតែចោទប្រកាន់កម្ពុជា ដោយគ្រាន់តែទទួលជំនួយពីចិនយកមកសាងប្រទេស ថា កម្ពុជាបានងាក ងោកទៅរកចិន ហើយបើកដៃឲ្យចិនរកស៊ីផ្ដាច់មុខនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា កម្ពុជាមិនធ្លាប់បានបដិសេធជំនួយពីប្រទេសណាមួយនៅឡើយទេ គឺមានតែអំពាវនាវឲ្យប្រទេសនានាចូលមកវិនិយោគ និងផ្ដល់ជំនួយមកកម្ពុជា ក្នុងការកសាងប្រទេស។ តែជាក់ស្ដែងប្រទេសដែលតែងតែនិយាយថា កម្ពុជា កំពុងបម្រើប្រយោជន៍ចិន និងបើកដៃឲ្យចិននោះ នៅតែមិនព្រមបញ្ចេញថវិកាជំនួយមកកម្ពុជា ឲ្យដូចចិនឡើយ គឺមានតែការរិះគន់ប៉ុណ្ណោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ទៀតថា កម្ពុជាបានទទួលជំនួយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន ដែលមានដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រទេសថៃ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីយកមកកសាងប្រទេសជាតិ។ ជាក់ស្ដែងផ្លូវថ្នល់របស់កម្ពុជា ត្រូវបានកសាងតភ្ជាប់ពីខេត្ដមួយទៅខេត្ដមួយ និងច្រករបៀងតាមតំបន់ជាយដែនជាច្រើនខ្សែ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តែការផ្ដល់ជំនួយមកកម្ពុជា គឺចិនបានជួយកម្ពុជាច្រើនជាងគេ។ ត្រង់ចំណុចនេះសម្ដេចបានដាក់ជាសំណួរថា តើក្រៅពីប្រទេសចិនមានប្រទេសណាដែលមានលទ្ធភាពជួយកម្ពុជាដូចចិន?

ទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រី បានប្រាប់ទៅក្រុមតាំងខ្លួនជាអ្នកវិភាគ សូមវិភាគឲ្យច្បាស់កុំវិភាគឈរតែម្ខាងៗ ដើម្បីយកឈ្មោះអ្នកវិភាគឯករាជ្យ ទាំងដែលកម្ពុជាមិនបានបិទស្ថានទូតណាមួយនៅឡើយ។ លោកថា បើអ្នកមិនចង់ឲ្យចិនធ្វើការច្រើននៅកម្ពុជា ពួកអ្នកមិនជួយកម្ពុជាឲ្យច្រើនបន្តិចទៀតមក។ ឥឡូវ ពហុកីឡដ្ឋានមរតកតេជោនៅខ្វះនៅឡើយ ម្តេចមិនដាក់ជំនួយមក ខ្ញុំសូមអំពាវនាវ។

គួររំឮកថា កម្ពុជាបានទទួលចិនជាច្រើន ទាំងជំនួយឥតសំណង និងជំនួយឥណទាន ដើម្បីយកមកសាងប្រទេស ដែលរាប់ពីការកសាងផ្លូវថ្នល់ជិត ៣ពាន់គីឡូម៉ែទ្រ ការកសាងស្ពាន កសាងសាលារៀន មន្ទីរពេទ្យ សាកលវិទ្យល័យ និងផ្នែកផ្សេងៗទៀតជាច្រើន។ ប៉ុន្ដែប្រទេសមួយចំនួនមិនព្រមជួយកម្ពុជាដូចប្រទេសចិននោះទេ បែរជាមិនព្រមបន្ថែមជំនួយដល់កម្ពុជា ហើយចោទកម្ពុជាទន់ទោរ ងប់ងុល ស្ថិតក្រោមមនោគមរបស់ចិនទៅវិញ ខណៈដែលប្រទេសជាច្រើនលើពិភពលោកក៏ទទួលជំនួយរបស់ចិនដូចកម្ពុជាដែរ៕

អត្ថបទទាក់ទង