ខ្មែរប៉ុស្ដិ៍ Close

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។

លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននិងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី Sri Werning Handayni បានស្នើសុំមតិយោបល់មួយចំនួនពីលោករដ្ឋមន្ត្រី ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ។

នាឱកាសនោះ លោក អ៉ិត សំហេង បានផ្ដល់នូវអនុសាសន៍ ក៏ដូចជាមតិយោបល់មួយចំនួនទៅកាន់លោកស្រី Sri Werning Handayni ផងដែរ ដើម្បីជំរុញឱ្យការសិក្សាអនុវត្តលើគម្រោងនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

លោក បានស្នើឱ្យមានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើម។ លោករដ្ឋមន្ត្រី ក៏ស្នើទៅកាន់លោកស្រីតំណាង ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ។

លោក អ៉ិត សំហេង បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារលើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅធ្វើយ៉ាងណាឱ្យការងារនេះទទួលបានលទ្ធផលល្អ។

លោកស្រី Sri Werning Handayni បានយល់ព្រមទទួលយកអនុសាសន៍ និងសំណើទាំងឡាយរបស់លោករដ្ឋមន្ត្រី ដើម្បីយកទៅអនុវត្តលើការសិក្សាគម្រោងរបស់ខ្លួន។

សូមបញ្ជាក់ថា ជំនួយបច្ចេកទេសនេះត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន៣ រួមមាន៖ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប្រទេស៣បន្ទាប់ ដែលគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសនេះ រួមមាន៖ កម្ពុជា អាស៊ាបៃសង់ និងអ៊ូបេគីស្ថាន៕

អត្ថបទទាក់ទង