ប្រធានអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយវិស័យឯកជន អំពីការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យប្រកបទៅដោយនិរន្តរ៍ភាព
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមកពី៥៤ស្ថាប័ន ដែលកំពុងប្រកបអាជីវកម្មទាក់ទងនឹងការបម្រើសេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្កើតនូវភាពស្និទ្ធស្នាល ផ្លាស់ប្តូរយោបល់ និងពិភាក្សាជាលក្ខណៈគន្លឹះរវាងស្ថាប័នរដ្ឋដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងស្ថាប័នឯកជនដែលមានអាជីវកម្មនៅតំបន់អង្គរ សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រកបដោយចីរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ភាពទាក់ទាញ និងការប្រកួតប្រជែងទីផ្សារទេសចរណ៍ពិភពលោក ព្រមទាំងរក្សានិងការពារបានគុណតម្លៃនៃបុរាណដ្ឋានផងដែរ។
ចំណុចសំខាន់ៗដែលវិស័យឯកជនបានលើកឡើងនូវអ្វីដែលខ្លួនបានជួបប្រទះក្នុងអាជីវកម្មមានដូចជា ការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ការចាក់ចម្រៀងដោយសំឡេងខ្លាំងៗពីសំណាក់ភ្ញៀវទេសចរជាតិ ការរៀបចំផ្លូវថ្នល់ ការប្រមូលផ្តុំភ្ញៀវទេសចរនៅតាមប្រាសាទធំសំខាន់ៗ ការបង្វែរគោលដៅទស្សនាឱ្យភ្ញៀវទេសចរបានទៅដល់ប្រាសាទឬកន្លែងផ្សេងៗទៀត ការបង្កើនសក្តានុពលទាក់ទាញតាមរយៈការបង្កើតកញ្ចប់ទេសចរបែបសុខភាព និងរៀបអាពាហ៍ពិពាហ៍ ការត្រួតពិនិត្យប្រភេទកាម៉េរ៉ាថតសម្រាប់អាជីវកម្ម។ ល។ ចំណុចទាំងនេះបានប៉ះពាល់ដល់អារម្មណ៍ទេសចរ និងសូមឱ្យមានការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។
ទាក់ទងនឹងបញ្ហាដែលបានលើកឡើង លោកស្រីរដ្ឋមន្ត្រីបានធ្វើការឆ្លើយបំភ្លឺភ្លាមៗចំពោះកិច្ចការដែលពាក់ព័ន្ធផ្ទាល់ឬដោះស្រាយបានដោយអាជ្ញាធរជាតិអប្សរា ដូចជាការរៀបចំជួសជុលឱ្យរួចរាល់នៅកំឡុងឆ្នាំក្រោយចំពោះផ្លូវទាំងអស់ស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរដែលនឹងលេចចេញរូបរាងនាឆ្នាំក្រោយ ព្រមទាំងកំណត់ភារកិច្ចដល់អ្នកជំនាញឱ្យរៀបចំផែនការសកម្មភាពដោះស្រាយកង្វល់ពាក់ព័ន្ធនឹងការចោលសំរាម ការបង្វែរគោលដៅទេសចរ បញ្ជៀសការប្រមូលផ្តុំនៅតែប្រាសាទធំសំខាន់ៗ ព្រមទាំងវិធានការផ្សេងៗទៀតដើម្បីជំរុញប្រសិទ្ធិភាពការងារ។
ក្នុងនោះដើម្បីប្រសិទ្ធិភាពការងារ លោកស្រី ក៏បានស្នើឱ្យវិស័យឯកជនទាក់ទងមកអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធព័ត៌មានសង្គមហ្វេសប៊ុក ឬតេឡេក្រាមផងដែរ។
ដោយឡែក ចំពោះបញ្ហាមួយចំនួនទៀតដែលមិនអាចដោះស្រាយ បានដោយអាជ្ញាធរជាតិអប្សរា លោកស្រីរដ្ឋមន្ត្រី បានសន្យាថានឹងនាំយកការព្រួយបារម្ភ របស់វិស័យឯកជនជូនទៅគ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ព្រមទាំងនឹងរៀបចំអញ្ជើញ ស្ថាប័នរដ្ឋពាក់ព័ន្ធទាំងនោះមកចូលរួមប្រជុំលើកក្រោយៗទៀត។ លើសពីនោះលោកស្រី ក៏សូមអំពាវនាវដល់វិស័យឯកជនចូលរួមផ្តល់យោបល់ដើម្បីរួមចំណែកសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង៕