ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យសកម្មភាពរៀបចំកែលម្អនៅបរិវេណប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42

ក្នុងពេលដែលប្រាសាទអង្គរវត្តត្រូវបានស្ងប់ស្ងាត់ភ្ញៀវទេសចរដោយឥទ្ធិពលជំងឺកូវីដ-១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីត្រៀមខ្លួនទុកជាមុនស្វាគមន៍ការត្រឡប់មកវិញនៃភ្ញៀវទេសចរនាពេលអនាគត។

នាពេលនោះ លោកជំទាវបានអញ្ជើញទៅស្វែងយល់អំពីការរកឃើញថ្មីនូវបំណែកព្រះពុទ្ធបដិមាជាច្រើនដែលត្រូវបានគេយកមករក្សាទុកក្នុងរណ្តៅក្រោមដីជាប់នៅនឹងជើងខាងលិចនៃតួប្រាសាទ។ លោកជំទាវ ធ្វើការណែនាំឲ្យប្រមូលយកនូវបំណែកព្រះពុទ្ធបដិមាទាំងនោះ ហើយជួសជុល និងអាចយកទៅរក្សាទុកនៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ឬសារមន្ទី។

ឆ្លៀតឱកាសនាពេលដ៏មានតម្លៃ លោកជំទាវក៏បានអញ្ជើញពិនិត្យសកម្មភាពដ៏មមាញឹករបស់អាជ្ញាធរជាតិអប្សរាក្នុងការកែលម្អទេសភាពបៃតងទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនៅមុខប្រាសាទអង្គរវត្ត។ បន្ថែមលើនោះ លោកជំទាវបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្លាដើម្បីអាជ្ញាធរជាតិអប្សរាបន្តអនុវត្តនូវរាល់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសរៀបចំកន្កែងលក់ដូរនៅមុខប្រាសាទអង្គរវត្តឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានស្អាត៕

អត្ថបទទាក់ទង