ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន៖​ កាសែត​ ដឺវ៉ល​ស្ត្រីត​ ហ្សូណល​ (The Wall Street Journal) ល្មម​ឈប់​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទៅ​!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 80
ទស្សនៈ​មិត្ត​អ្នក​អាន៖​ កាសែត​ ដឺវ៉ល​ស្ត្រីត​ ហ្សូណល​ (The Wall Street Journal) ល្មម​ឈប់​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទៅ​! ទស្សនៈ​មិត្ត​អ្នក​អាន៖​ កាសែត​ ដឺវ៉ល​ស្ត្រីត​ ហ្សូណល​ (The Wall Street Journal) ល្មម​ឈប់​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទៅ​!

កាល​ពី​ថ្ងៃ​ទី​២១ ខែកក្កដា​ ឆ្នាំ​២០១៩ សារព័ត៌មាន ដឺវ៉ល​ស្ត្រីត​ ហ្សូណល​ (The Wall Street Journal) បាន​សរសេរ​ព័ត៌មាន​បង្កើត​​រឿង​​មិន​ពិតពី​កម្ពុជា​ ដែល​បាន​ធ្វើ​ឱ្យ​កាសែត​បរទេស​មួយ​នេះ​បាត់​បង់​អស់​នូវ​តម្លៃ​ខ្លួន​ជាសារព័ត៌មាន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​នោះ​។​ សំណេរ​លើក​ឡើង​នូវ​​រឿង​ដដែល​ៗ​អំពី​​បញ្ហា​​ឥទ្ធិពលនៃ​មូល​ដ្ឋាន​​​​​​យោធា​របស់​​​​​ចិន​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​​នេះ​ គឺ​ជារឿង​មួល​បង្កាច់​ព័ត៌មាន​សុទ្ធ​​សាធ​​។ ​កាសែត​ ​The Wall Street Journal បាន​​​ចុះផ្សាយ​បំភ្លៃ​ព័ត៌មាន​ដូច្នេះ​ថា៖ «ប្រទេស​ចិន​បាន​​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​សម្ងាត់​មួយ​​ដើម្បី​អនុញ្ញាត​​ឲ្យ​កង​ទ័ព​របស់​ខ្លួន​ ប្រើ​ប្រាស់​មូល​ដ្ឋាន​​ទ័ព​​ជើង​ទឹក​កម្ពុជា​​។ កិច្ច​ព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យ​​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់​មុខ​​ធ្វើ​ជា​មូលដ្ឋាន​ទាហាន​​ជើង​ទឹក​ចិន​​ជា​​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែ​រ​​ ហើយ​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ធំ​មួយ​​ដែល​កសាង​ដោយ​​ចិន​នឹង​អនុ​ញ្ញាត​​ឲ្យ​ចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈ​ពេល​​៣០​​ឆ្នាំ​ ដាក់​​ទ័ព ដាក់​គ្រឿង​សព្វាវុធ​ កន្លែង​​ចត​ជា​ដើម​» ។​

តើ​ការ​លើក​ឡើង​បែប​នេះ​ ពួក​គេ​មាន​ចេតនា​អ្វី​ឱ្យពិត​ប្រាកដ​មក​លើ​កម្ពុជា​?​ ឬក៏​ពួក​គេ​គ្រាន់​តែ​​យក​​បញ្ហា​វត្ត​មាន​នៃ​អ្នក​វិនិយោគ​ និង​អ្នក​ទេសចរណ៍​ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន​ធ្វើ​​ជាលេស​ដើម្បី​មួល​​បង្កាច់​ និង​ទម្លាក់​កំហុស​មក​លើ​កម្ពុជា​?​ វាជា​​ការ​គួរ​ឱ្យ​​សោក​ស្តាយ​​ខ្លាំងណាស់​​ចំពោះ​ជន​បរទេស​​មួយ​ចំនួន​​ដែល​​បាន​ព្យាយាម​ធ្វើ​​អំពើ​​អាក្រក់​ម្តង​ហើយ​ម្តង​ទៀត​​​ចំពោះប្រជាជន​កម្ពុជា ​ដែល​គ្មាន​កំហុស​​អ្វី​​ទាល់​​​តែ​សោះ​លើ​​បញ្ហា​ដែល​ពួក​គេ​បាន​​ចោទប្រកាន់​​ទាំងអស់​នេះ​។​​ កម្ពុជា​ គ្មាន​ភាព​ចាំបាច់​អនុញ្ញាត​ឱ្យ​ប្រទេស​​ណា​មួយ​​មក​ធ្វើ​សង្គ្រាម​ ឬ​សាក​ល្បង​គ្រាប់​កាំភ្លើង​របស់​ពួកគេ​នៅលើ​ប្រទេស​របស់​ខ្លួន​នោះ​ទេ។​ គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​​គឺ​មិន​អនុញ្ញាត​ឱ្យ​បរទេស​មក​ប្រយុទ្ធ​គ្នា​លើ​ទឹក​ដីកម្ពុជា​ ជាដាច់​ខាត​។ សូម​ពួក​បរទេស​មួយចំនួន​តូច​នោះ​កុំព្យាយាម​​យក​កម្ពុជា​ធ្វើ​ជាទីលាន​សាក​ល្បង​មនោគមន៍​វិជ្ជា​ និង​ជា​ទីលាន​សាក​ល្បង​អាវុធឱ្យ​សោះ​។​ កម្ពុជា​ចាត់​ទុក​ប្រទេស​ទាំងអស់​នៅលើ​ពិភព​លោក​គឺ​ជាមិត្ត​ភក្តិ​ដែល​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​​​។ កម្ពុជា​ មាន​បំណង​ចង់​ឱ្យ​មិត្ត​​ភក្តិ​​បរទេស​ទាំងអស់​អញ្ជើញ​មក​ប្រកួត​ប្រជែង​គ្នា​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ សង្គម​ ក្នុង​ទឹក​ដី​កម្ពុជា​តែប៉ុណ្ណោះ។​ ផ្ទុយ​មក​វិញ​កម្ពុជា​សូម​បដិសេធ​ជាដាច់​ខាត​នូវ​ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​មនោគមន៍​វិជ្ជា​ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​​គោល​​បំណង​​បំបែក​​បំបាក់​​ និង​​សម្លាប់​​ខ្មែរ​​ដូច​​ក្នុង​​ទស្ស​វត្សន៍​​ឆ្នាំ​​៧០​។​

ជារួម​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​នៅ​ក្នុង​​ និង​ក្រៅ​ប្រទេស​ រួម​ទាំង​មិត្ត​ភក្តិ​បរទេស​ទាំង​អស់​​​​ដែល​បាន​​ទទួល​​នូវ​​ព័ត៌​មាន​​ប្រឌិត​​នេះ​ហើយ​​មាន​​កង្វល់​​ សូម​ជឿ​ជាក់ និង​ទុក​ចិត្ត​ចំពោះ​ការដឹកនាំនិងការ​អនុវត្ត​នូវ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាលដែល​បាន​ប្រកាន់​នូវ​ជំហរ​ប្រកប​​ដោយ​​ឯករាជ្យ​​ភាព​​ ​បូរណ​ភាព​​ទឹក​​ដី​​ និង​​មិន​​ចូល​​បក្ស​​សម្ព័ន្ធ​​។ ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​​ម្តង​​ហើយ​ម្តង​ទៀត​​​​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក​​ កម្ពុជា​គ្មាន​កងទ័ពប្រយុទ្ធ​​បរទេស​នៅលើ​ទឹក​ដី​​កម្ពុជា​​នោះទេ​ គឺ​មាន​តែ​តំណាង​អនុព័ន្ធ​​យោធា​ប្រចាំ​​ស្ថាន​​ទូត​​របស់​​ប្រទេស​​ជាមិត្ត​​ប៉ុណ្ណោះ​​។​ ដូច្នេះ​ព័ត៌​មាន​​ដែល​​​កាសែត​ ដឺវ៉ល​ស្ត្រីត​ ហ្សូណល​ (The Wall Street Journal ) ​បាន​ផ្សព្វ​ផ្សាយ​នោះ​គឺ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជា​មួយ​កម្ពុជា​។​ ពួក​គេ​ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កង​ទ័ព​​ចិន​​នៅ​​លើ​​ទឹក​​ដី​កម្ពុជា​ ដើម្បី​ប្រឆាំង​និង​ភាព​សុខដុម​រមនា​នៃ​ប្រជាជន​កម្ពុជា​តទៅទៀត​ទៅ​៕​

ដោយ​៖ យី វិត​ (ប្រជាពលរដ្ឋ​​នៅ​ខេត្ត​ សៀមរាប)​

អត្ថបទទាក់ទង