ខ្មែរប៉ុស្ដិ៍ Close

តោះៗនាំគ្នាចែករំលែក! តើអ្វីទៅជាអំពើអាបធ្មប់ ហើយបើសិនជាជួបនឹងការដាក់អំពើ តើត្រូវដោះអំពើនោះដោយរបៀបណា?

ដោយ៖ សេង កល្យ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ជំនឿ 149
តោះៗនាំគ្នាចែករំលែក! តើអ្វីទៅជាអំពើអាបធ្មប់ ហើយបើសិនជាជួបនឹងការដាក់អំពើ តើត្រូវដោះអំពើនោះដោយរបៀបណា? តោះៗនាំគ្នាចែករំលែក! តើអ្វីទៅជាអំពើអាបធ្មប់ ហើយបើសិនជាជួបនឹងការដាក់អំពើ តើត្រូវដោះអំពើនោះដោយរបៀបណា?

ធ្មប់ គឺជាសិល្ប៍មន្តដែលមានលក្ខណៈសាហាវឃោរឃៅមួយប្រភេទ គ្រូធ្មប់បង្កើនមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយប្រើសិល្ប៍មន្តសម្លាប់ទារក (ស៊ីទារកទើបនឹងកើត) កាកសំណល់ឈាម ទងសុកស្ត្រីឆ្លងទន្លេទឹករងៃរបស់សាកសពមនុស្ស សត្វ … ជាដើម។ គ្រូធ្មប់ធ្វើអំពើទៅលើអ្នកដទៃដោយមូលហេតុពីរយ៉ាងគឺ៖ ធ្វើដោយការសងសឹកផ្ទាល់ខ្លួន ធ្វើដោយគេពឹង ឬគេជួល។ អ្នកស្រុកគ្រប់គ្នាតែងភិតភ័យតក់ស្លុត និងខ្លាចអំពើរបស់គ្រូធ្មប់នេះណាស់ ព្រោះថា បើកាលណាត្រូវអំពើរបស់គ្រូធ្មប់ហើយប្រសិនបើរកគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យ៉ាងវេទនាបំផុត។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែលដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើ ឬព្យាបាលអំពើនោះឱ្យបានសះស្បើយឡើយ។ អ្នកជំងឺត្រូវតែស្លាប់ចៀសមិនផុតឡើយ ។

យោងតាមប្រសាសន៍របស់ លោកគ្រូមន្តអាគម ធំៗ របៀបធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ ប៉ុន្តែសូមលើកយកតែ ៤វិធី មកជម្រាបជូន៖ ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ (តាមការពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-កន្ត្រៃប្រាក់) ទៅកាត់ពោះវៀនជនរងគ្រោះ។ ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់
ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់)។ ប្រើដែកគោល កន្លាស់ ឬម្ជុល ឱ្យចូលទៅចាក់សព្វខ្លួនប្រាណជនរងគ្រោះ ។ ប្រើគោបា ស្នាតេះ បាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច។

១-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់

គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ដោយដាក់កន្ត្រៃនៅលើជើងពានមួយ។ គាត់អង្គុយភាវនាបាលីបណ្តើរយកចង្កឹះមួយវាយតិចៗទៅលើកន្ត្រៃបណ្តើរ។ សូត្រវាយៗយ៉ាងនេះទាល់តែកន្ត្រៃកំរើក ហើយ ហោះហើរយ៉ាងលឿន ឮសូរដូចកន្លង់ហើរ។ កន្ត្រៃសិល្ប៍ ពេលហោះហើរទៅរកទីដៅរបស់វានោះ មានទំហំតូចជាងកន្ត្រៃធម្មតាជាច្រើនដង។ ទៅដល់ជិតជនរងគ្រោះ កន្ត្រៃនេះអាចក្លាយទៅជារុយ ឬជាសត្វល្អិតអ្វីមួយ ចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់។ តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្តើមចុកពោះ ឈឺចាប់ផ្សេងៗទៀតយ៉ាងវេទនាពិបាកទ្រាំ។ ប្រសិនបើគេដឹងភ្លាមៗថា ជំងឺនេះជាអំពើរបស់គ្រូធ្មប់ ហើយបើគេអាចរកឃើញគ្រូមន្តសិល្ប៍សាស្ត្រខ្លាំងពូកែអាចដាក់ថ្នាំ ឬសូត្របាលីមន្តគាថាធ្វើឱ្យធ្លាក់កន្ត្រៃមាស កន្ត្រៃប្រាក់បានភ្លាមនោះ គេអាចរំដោះអ្នកជំងឺឱ្យរួចរស់ជីវិតបាន។ ប្រសិនបើមិនបានចាប់អារម្មណ៍ចំពោះរឿងអំពើអំពាន់ទេ ហើយគិតតែដាក់ថ្នាំផ្សេងៗវិញនោះ ច្បាស់ជាត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាត (តាមទ្វារលាមក) ឬតាមមាត់ជាមិនខាន។

២-ការធ្វើអំពើដោយប្រើកន្លាស់ ម្ជុល ឬដែកគោល

ការធ្វើអំពើដោយប្រើរបស់ទាំងនេះ ក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មានឡើយ។ គ្រូធ្មប់យកវត្ថុទាំងបីមុខ មកសែកមន្តគាថាបាលី ហើយចាក់កន្លាស់ ម្ជុល ដែកគោលទៅលើរូបតំណាងជនរងគ្រោះឆ្លាក់ពីដំឡូងមី ធ្វើពីម្សៅ ឬធ្វើពីឈើផុយ។ គេច្រើនយកម្ជុលមកដោតត្រង់ដើមទ្រូងយកកន្លាស់ញាត់ក្នុងពោះឬយកដែកគោលដោតចំក្បាលជនរងគ្រោះដើម្បីឱ្យមានការឈឺចាប់ក្នុងពោះផង ក្នុងទ្រូងផង និងឈឺក្នុងក្បាលផង ក្នុងពេលតែមួយពោលគឺធ្វើយ៉ាងណាឲ្យជនរងគ្រោះអភ័ព្វនោះ បានដល់នូវក្តីលំបាកវេទនាយ៉ាងទារុណ មុននឹងស្លាប់។ ជួនកាលគ្រូធ្មប់បានដាក់កម្រិតឱ្យអ្នកជំងឺស្លាប់ដោយបរិភោគអ្វីមួយដែលគ្រូកំណត់ទុកជាមុន។ ឧទារហណ៍ក្រោយពីបានធ្វើឧបកិច្ចចាក់កន្លាស់ (កំណាត់ឫស្សី តូចៗ ស្រួចចុងដើម ឬស្រួចតែម្ខាង)ចាក់ម្ជុល ដោតដែកគោលសព្វខ្លួនប្រាណរូបតំណាងជនរងគ្រោះហើយ គ្រូធ្មប់ធ្វើកិច្ចថា បើអ្នកត្រូវអំពើនោះបរិភោគសាច់ជ្រូកពេលណា សូមឱ្យសិល្ប៍មន្តអាគមប្រតិកម្មភ្លាម ហើយអ្នកជំងឺត្រូវស្លាប់នៅពេលនោះតែម្តង។ ការព្យាបាលក៏មិនខុសគ្នាពីអំពើទាំងពីរខាងដើមប៉ុន្មានដែរ គឺអាចជាសះស្បើយ ឬស្លាប់ ។

៣-ការធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របី

របៀបធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីស្ងួត ទាំងការរៀបចំរណ្តាប់ធ្វើពិធីបញ្ជូនសិល្ប៍មិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ឡើយ។ គេយកស្បែកមួយផ្ទាំងធំមក សូត្រផ្លុំៗ ហើយវាយនឹងរំពាត់រហូតទាល់តែស្បែករួញនៅតូច ហើយក៏ក្លាយទៅជាសត្វកន្លង់ ហើរទៅកាន់ទិសដៅ ពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើ។ ជនរងគ្រោះទទួលស្បែកដែលប្រែទៅជាកន្លង់នេះតាមមាត់ដែរ។ ប៉ុន្តែកន្លង់នេះមុនចូលទៅក្នុងមាត់អាចនឹងក្លាយមួយជាន់ទៀត ទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានងាយស្រួល។ ប៉ុន្មានថ្ងៃក្រោយមក ស្បែកគោស្ងួតក៏ចេះតែរីកធំឡើងៗ ធ្វើឱ្យពោះអ្នកជំងឺកាន់តែធំឡើងៗជាលំដាប់។ ពេលជាមួយគ្នានោះដែរ អាចមានការឈឺចាប់លំបាកវេទនាផ្សេងៗទៀត ក្រៅពីការតឹងពោះផ្អេះៗ ការហត់ ដកដង្ហើមញាប់ស្ទើរដាច់ខ្យល់។ ដូចរបៀបធ្វើអំពើមុនៗដែរ បើរកគ្រូមិនទាន់ ឬគ្រូមិនសូវពូកែ
ជនរងគ្រោះនឹងស្លាប់ដោយសារធ្លាយក្រពះ។ ប៉ុន្តែបើរកបានគ្រូដែលមានសិល្ប៍វិជ្ជាការខ្លាំងពូកែស្មើ ឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះ គេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះ រួចហើយផ្សំថ្នាំឱ្យអ្នកជំងឺផឹក ដើម្បីបញ្ចុះទំលាក់ស្បែកឱ្យចេញមកតាមគូទ ឬតាមមាត់។ ពេលនោះអ្នកជំងឺ នឹងបានធូរពោះ ហើយគេនឹងជាសះស្បើយដូចធម្មតាវិញ។

៤-ការធ្វើអំពើដោយប្រើព្រួញស្នាតេះ

គ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្តង គឺគោបា និងស្នាតេះ។ គេច្រើននិយាយភ្ជាប់គ្នាថា៖ គោបាស្នាតេះ ព្រោះគ្រូធ្មប់តែងប្រើសិល្ប៍ណាមួយក្នុងសិល្ប៍ទាំងពីរបែប។ គោបាសិល្ប៍ គឺសត្វល្អិតមានមាឌតូចៗ ដែលគ្រូធ្មប់លែងឱ្យហើររកស៊ីនៅពេលយប់។ គេស្តាប់ឮគោបាតាមការឮស្នូរត្រដោក ឮតឹកៗនៅពេលយប់ស្ងាត់ គ្រូធ្មប់ប្រើគោបានេះឱ្យហើរទៅជល់សម្លាប់ជនរងគ្រោះតាមវិធីរបស់គេ។ ឯស្នាតេះ គឺជាស្នាសិល្ប៍ មានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឱ្យស្លាប់)។ ប្រើសិល្ប៍គោបា គឺប្រើគោសិល្ប៍នេះ ឱ្យជល់អ្នកជំងឺធ្វើឱ្យស្លាប់ជាប្រាកដ ប្រសិនបើរកគ្រូព្យាបាលមិនទាន់ ឬគ្រូដែលមិនសូវពូកែ។ ឯរបៀបប្រើស្នាតេះគឺគេតាំងពិធីដោយមានរៀបរណ្តាប់គ្រូផ្សេងៗតាមទម្លាប់។ គេសូនរូបជនរងគ្រោះអំពីដី អំពីម្សៅ ឬអំពីវត្ថុផុយៗ។ គ្រូធ្មប់សែកមន្តបាលីគាថា យ៉ាងយូរដើម្បីប្រមូលឥទ្ធិពល និងអញ្ជើញគ្រូគេមកជាជំនួយក្នុងពេលធ្វើពិធីនេះ។ លុះសូត្រចប់គ្រប់បាលីគាថា ដែលត្រូវសូត្រហើយ គេយកព្រួញ និងធ្នូសិល្ប៍យ៉ាងតូចបាញ់ឱ្យចំរូបតំណាងជនរងគ្រោះ ត្រង់ទ្រូង ត្រង់ពោះ ឬត្រង់ក្បាលតាមតែគេចង់។ របៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំងបីខាងដើមដែរ។ពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះ រូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញមែនៗដែរ។ ទោះបីជាគេមើលព្រួញមិនឃើញ ក៏គេបានទទួលការឈឺចាប់ដោយដួល ឬបន្លឺសម្រែកឈឺចាប់យ៉ាងខ្លាំង។ ព្រមពេលជាមួយគ្នានោះ នៅក្នុងផ្ទះអ្នករងគ្រោះ គេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់។ ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យ៉ាងខ្លាំងជួនកាលសន្លប់ ជួនកាលស្លាប់ភ្លាម។ គ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះបន្ទាប់ពីបានប្រើសិល្ប៍អ្វីពីមុនរួចហើយ តែជនរងគ្រោះគ្រាន់តែឈឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរប៉ុណ្ណោះ។ ដោយចង់ឱ្យគូសត្រូវរបស់ខ្លួនស្លាប់ មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះ
គ្រូធ្មប់អាចប្រើសិល្ប៍ស្នាតេះនេះ ដើម្បីបញ្ចប់ជីវិតជនរងគ្រោះឱ្យបានឆាប់រួសរាន់ទាន់ចិត្ត ។

វិជ្ជាធ្មប់ គឺជាទុរវិជ្ជាដែលមិនគួរសិក្សារៀនសូត្រ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គមទេ។ ក្នុងមួយឆ្នាំ ប្រសិនបើគ្រូធ្មប់មិនបានធ្វើអំពើដល់អ្នកណាមួយនោះ សិល្ប៍មន្តធ្មប់ តែងតែធ្វើទុក្ខបុកម្នេញដល់សមាជិកក្នុងគ្រួសារខ្លួនឯងវិញ ដូចជា ប្រពន្ធ-កូន ឈឺធ្ងន់រហូតដល់ស្លាប់។ វិជ្ជាធ្មប់បើមិនបានធ្វើឱ្យគេស្លាប់ វានឹងសុីប្រពន្ធ កូនខ្លួនឯងវិញ ចំណែកឯរបៀបព្យាបាលអំពើធ្មប់* សំរាប់បងប្អូនខ្មែរដែលមានជំនឿ ៖ ឪសថពិសេសសំរាប់ព្យាបាល បន្សាបដោះអំពើរធ្មប់ អាប មន្តអាគមន៍ ១០០មុខ ដែលឪសថទាំងនោះរួមមាន៖ «ដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្តឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា»

វិធីប្រើនិងព្យាបាល៖ ស្លឹករាំងសាប៧សន្លឹក ស្លឹកពោធិ៍៧សន្លឹក ជើងធូបក្នុងវិហារ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា៧សសៃ ដើម្បីឲ្យជើងធូបស័ក្កសិទ្ធិ ត្រូវទៅអុចធូបសូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្តដ៏ស័ក្កសិទ្ធដែលថែរក្សាក្នុងទីវត្ត…..កូនចៅសូមជើងធូប១០០សសៃដើម្បីយកទៅព្យាបាលអំពើធ្មប់របស់…..សូមអស់លោកបារមីវត្តមេត្តាអនុញ្ញាតហើយជួយសង្រ្គោះគ្រួសារ….ខ្ញុំផងចុះចាំខ្ញុំថ្វាយដថ្វាយដង្វាយ ចំនែកខ្ទមអ្នកតាក៏អុចធូបសុំដូចគ្នាចឹងដែរ។ ពេលបានឪសថគ្រប់មុខហើយ ត្រូវយកមកដាំទឹក៣យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើហ្នឹង៣ពេល ព្រឹកថ្ងៃល្ងាច ក្រោយពេលហូប អ្នកំជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់២ឬ៣ម៉ោងក៏មាន បើអំពើខ្លាំងឬយូឆ្នាំ តែកុំបារម្មឲ្យសោះ អំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។ ចំនែកកាកថ្នាំក្រោយពីព្យាបាលហើយត្រូវកប់ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារកុំឲ្យគេធ្វើចូលម្តងទៀត។ បំរាមនិងតំណម ហាមផឹកស្រា លេងស្រីមុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វាខ្លួនត្រូវ បន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំចាក់ចោល ហូបឲ្យអស់ពីកែវ៕

ប្រភព​៖ SereySey Kh