ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស សម្តែងការសោកស្តាយចំពោះការអនុម័តច្បាប់មួយរបស់មហាអំណាចដែលពឹងផ្អែកលើព័ត៌មានបំភ្លៃ និងជាព័ត៌មានចាស់ហួសសម័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29

ក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជារបស់សភាជាន់ទាបអាមេរិក និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កានូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

បើតាមអ្នកនាំពាក្យក្រសួងបរទេសកម្ពុជាបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រិះគន់ខុសអំពីការរឹតត្បិតសេរីភាពសារព័ត៌មាន និងប្រាសចាកឆ្ងាយពីការពិត។ ការពិតនោះគឺ កាសែត និងបណ្តាញសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលបានជ្រើសរើសតាមឆន្ទៈរបស់ខ្លួន ក្នុងការបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ នៅពេលប្រឈមនឹងកាតព្វកិច្ចសារពើពន្ធ និងការរំលោភបំពានច្បាប់សារព័ត៌មានរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាអះអាងថា ប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះការវិវត្តនយោបាយថ្មីៗនៅកម្ពុជា ហាក់ដូចជាមិនបានស្តែងចេញតាមរយៈគុណតម្លៃប្រជាធិបតេយ្យនោះទេ បើពិនិត្យទៅលើភាពខុសគ្នានៃនយោបាយរបស់សហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងៗទៀត ពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ក្រសួងការបរទេសកម្ពុជា ទទូចដល់អង្គនីតិប្បញ្ញត្តិបរទេសទាំងអស់រក្សានូវភាពឥតលំអៀងរបស់ខ្លួន និងចៀសវាងនូវសកម្មភាពមិនចាំបាច់នានាដែលមិនគោរពដល់អធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

អត្ថបទទាក់ទង