ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បើក ប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាសរុបប្រមាណ ៣០០នាក់។

ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច(AdHoc)នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពីលទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕

អត្ថបទទាក់ទង