ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិនៃការចងចាំ»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិនៃការចងចាំ» រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិនៃការចងចាំ»

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិនៃការចងចាំ» ដែលជាបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ទិវានេះចាប់ផ្តើមប្រារព្ធលើកដំបូងនៅឆ្នាំ ១៩៨៣ ឈ្មោះថាទិវាចងកំហឹង បន្ទាប់មកប្តូរជាទិវារំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម មកជាទិវាចងចាំ ហើយចាប់ពីដើមខែកុម្ភៈ ឆ្នាំ ២០១៨ ថ្ងៃទី២០ ឧសភា ត្រូវបានឱ្យឈ្មោះថា ទិវាជាតិនៃការចងចាំ។

អនុក្រឹត្យស្តីពីទិវានៃការចងចាំដែលចេញដោយរដ្ឋាភិបាលគឺជាសំណងរដ្ឋប្បវេណីមួយសម្រាប់ជនរងគ្រោះដែលជាដើមបណ្តឹងក្នុងសំណុំរឿង០០២/០១ បន្ទាប់ពីជនរងគ្រោះបានស្នើទៅតុលាការសាលាក្តីខ្មែរក្រហម ក្នុងពេលកន្លងមក។ ទិវានៃការចងចាំនេះគឺជាសំណងសមូហភាពមួយក្នុងចំណោមសំណងសមូហភាពផ្សេងទៀត ដែលបានផ្តល់ដោយសាលាក្តីខ្មែរក្រហម ជូនដល់ជនរងគ្រោះទាំងឡាយក្នុងរបបអាវខ្មៅខ្មែរក្រហម។ នេះជាផ្នែកមួយនៃសំណងក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ដែលជនរងគ្រោះបានស្នើសុំទៅកាន់តុលាការ ហើយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតាមសំណើពីខាងជនរងគ្រោះ តាមរយៈមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីជាតិ និងអន្តរជាតិ ក្រោមការសម្របសម្រួលរបស់អង្គភាពគាំពារជនរងគ្រោះ។

ដើម្បីបុព្វហេតុយុត្តិធម៌ និងការចងចាំ សាលាក្តីខ្មែរក្រហមបានរៀបចំយន្តការផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ រយៈពេលជាង ១០ ឆ្នាំនៃដំណើរការរបស់ខ្លួន សាលាក្តីខ្មែរក្រហមបានស្វាគមន៍សាធារណជនជិត ៧ សែននាក់មកទស្សនកិច្ចនៅតុលាការ សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក ព្រមទាំងការចុះផ្សព្វផ្សាយនៅតាមភូមិឃុំស្រុកនានានៅក្នុងប្រទេសកម្ពុជា។ នេះគឺជាផ្នែកមួយនៃការពង្រឹងការយល់ដឹង និងការចងចាំអំពីឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម៕

អត្ថបទទាក់ទង