ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ដីកាកោះហៅ គឺជាវិធានការច្បាប់លើជនសង្ស័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 34
ទស្សនៈមិត្តអ្នកអាន៖ ដីកាកោះហៅ គឺជាវិធានការច្បាប់លើជនសង្ស័យ ទស្សនៈមិត្តអ្នកអាន៖ ដីកាកោះហៅ គឺជាវិធានការច្បាប់លើជនសង្ស័យ

ដោយសារតែការប្រឆាំងនឹងសាលដីកាស្ថាពររបស់តុលាការកំពូល ដែលបានកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសកម្មជនបក្សប្រឆាំងមួយចំនួនត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់។ ការជួបប្រជុំគ្នាជាទ្រង់ទ្រាយតូចឬធំ ឬការថ្លែងសារនយោបាយដោយបញ្ចេញឈ្មោះក្តី ឬមិនបញ្ចេញឈ្មោះគណបក្សក្តី ឬក្នុងនាមខ្លួនជាអតីតសកម្មជនគណបក្សដែលត្រូវបានច្បាប់រំលាយក្តី នោះហើយគឺជាការធ្វើសកម្មភាពនយោបាយ ដោយរំលោភលើសាលដីកាតុលាការកំពូល ហើយសកម្មភាពបែបនេះគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង ដោយហេតុថា អតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយច្បាប់ ហើយអតីតសកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងទាំងនេះ គឺត្រូវច្បាប់មិនអនុញ្ញាត្តិឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

ការចេញដីកាកោះហៅរបស់តុលាការនេះ គឺជាវិធានការច្បាប់លើជនសង្ស័យ ដែលត្រូវបានតុលាការមើលឃើញថាក្រុមមួយចំនួននោះនៅតែមិនគោរពតាមសាលដីកា។ ជាការពិត វាមិនមែនជាដីកាបំភ័យមកលើអតីតថ្នាក់ដឹកនាំ និងអតីតសកម្មជនគណបក្សប្រឆាំងឡើយ ព្រោះថា ប្រសិនបើខ្លួនធ្វើសកម្មភាពប្រឆាំងក្នុងនាមគណបក្សដែលស្របច្បាប់នោះ។ ជាការកត់សម្គាល់ផងដែរ ដែលត្រូវបានគេមើលឃើញនោះគឺថាក្រុមអតីតសកម្មជនទាំងនោះ ហាក់មានផែនការរៀបចំទុកជាមុនក្នុងការធ្វើសកម្មភាពឱ្យស្របពេលនៃដំណើរទស្សនៈកិច្ចរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងគោលបំណងដុតកំដៅស្ថានការណ៍ឱ្យមើលទៅហាក់មានសភាពអាប់អួរ។

នៅក្នុងស្ថានភាពនេះដែរក្រុមប្រឆាំងដែលមានសិទ្ធិធ្វើនយោបាយពេញលេញ បែរជានៅស្ងៀមមិនធ្វើសកម្មភាព រីឯអ្នកដែលសិទ្ធិនយោបាយត្រូវបានហាមឃាត់ដោយច្បាប់បែរជាខិតខំប្រមូលផ្តុំគ្នាធ្វើសកម្មភាពនយោបាយទៅវិញ។ ក្នុងន័យនេះ គេអាចវាយតម្លៃបានថា ការព្យាយាមធ្វើសកម្មភាពទាំងបំពានច្បាប់របស់អតីតសកម្មជនបក្សប្រឆាំងមួយចំនួននៅក្នុងប្រទេសទាំងនោះ គឺប្រាកដជាធ្វើតាមផែនការបញ្ជាពីមេក្រុមឧទ្ទាមក្រៅច្បាប់ពីក្រៅប្រទេស ដើម្បីបង្កឱ្យមានសម្លេងប្រឆាំងខុសច្បាប់ ហើយត្រូវបានចាត់វិធានការដោយផ្លូវច្បាប់យ៉ាងពិតប្រាកដ។ ម្យ៉ាងទៀតក៏ដើម្បីជាលេសឱ្យមានការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលអ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស មកធ្វើការនៅកម្ពុជានាពេលនេះដែរ។

ដូច្នេះ ក្នុងដំណាក់កាលនៃការកោះហៅនេះ ជនសង្ស័យទាំងនោះគួរចូលទៅបំភ្លឺការពារខ្លួនតាមច្បាប់ ដោយកុំប្រញាប់ប្រញាល់វាយតម្លៃថាជាដីកាបំភ័យ ឬជាការគំរាមកំហែងផ្នែកនយោបាយ និងរំលោភសិទ្ធិមនុស្ស នោះឡើយ។

ជារួម ការផ្តល់សិទ្ធិដល់ពលរដ្ឋឱ្យមានការតតាំងក្តីគ្នានៅតុលាការ គឺជាការឆ្លុះបញ្ចាំងអំពីសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ដូចនៅក្នុងប្រទេសស៊ីវីល័យនានាក្នុងពិភពលោកដូច្នោះដែរ ហើយការចេញដីកាកោះហៅនេះ គឺជាវិធានការអនុវត្តច្បាប់លើជនសង្ស័យប៉ុណ្ណោះ។ ប៉ុន្តែ ជារឿយៗ មេឧទ្ទាមក្រៅច្បាប់ដែលរស់យ៉ាងសុខសាន្តនៅក្រៅប្រទេស តែងតែប្រើប្រាស់ប្រជាពលរដ្ឋ និងអតីតសកម្មជនឲ្យចេញមុខការពារ និងរងគ្រោះជំនួសខ្លួន និងតែងយកប្រជាពលរដ្ឋ និងអតីតសកម្មជនបក្សឱ្យមកប្រឆាំងជាមួយរាជរដ្ឋាភិបាល ដើម្បីគោលដៅនយោបាយរបស់ពួកគេជាដរាប ហើយទីបំផុតគឺមានតែប្រជាពលរដ្ឋ និងអតីតសកម្មជនដែលជឿងប់នូវការបោកប្រាស់ទេដែលត្រូវជាប់គុគ ច្រវ៉ាក់ជំនួសពួកគេ៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង