ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរឯកឧត្តម​ ស៊ី ជីនពីង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជាឯកច្ឆន្ទឱ្យបន្តអាណត្តិថ្មីជាប្រធានាធិបតី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 45
សម្តេច​ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរឯកឧត្តម​ ស៊ី ជីនពីង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជាឯកច្ឆន្ទឱ្យបន្តអាណត្តិថ្មីជាប្រធានាធិបតី សម្តេច​ ហ៊ុន សែន និង លោក Xi Jinping
 ភ្លាមៗបន្ទាប់ពីប្រធានាធិបតីចិន ឯកឧត្តម​ ស៊ី ជីនពីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតជាឯកច្ឆន្ទ ឱ្យបន្តអាណត្តិជាថ្មីជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតអបអរសាទរជូនឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសដ៏ឡារឹក និងរីករាយនេះ។

ក្នុងលិខិតអបអរសាទរលោកប្រធានាធិបតីចិន សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា«ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ឯកឧត្តម ដែលបានធ្វើឲ្យមានទំនុកចិត្តពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជំរុញប្រទេសចិនឲ្យបោះជំហានទៅមុខ ក្រោមការដឹកនាំដ៏វាងវៃរបស់ឯកឧត្តមរយៈពេល ដ៏យូរអង្វែងទៅអនាគត។ ខ្ញុំជឿជាក់មុតមាំថា ជាមួយនឹងកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរវែងឆ្ងាយ និងគ្មាននឿយហត់របស់ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបានវឌ្ឍនភាពថែមទៀតជាបន្តបន្ទាប់ ដើម្បីឈានដល់គោលដៅមួយរយឆ្នាំទាំងពីរ ហើយនិងកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ មានវប្បធម៌ឈានមុខ មានភាពសុខដុម និងល្អរុងរឿង»។

ក្នុងលិខិតដដែលនោះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរពីចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងកម្ពុជា-ចិន និងកំពុងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ។ ជាពិសេសក្នុងខួបទំនាក់ទំនង៦០ឆ្នាំ នៅឆ្នាំ២០១៨នេះសម្តេច​តេជោ​ ហ៊ុន សែន បានគូសបញ្ជាក់ថា មានសកម្មភាពជាច្រើនត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរចំណងទំនាក់ទំនង ដ៏យូរអង្វែងនេះ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរថា លោកបានត្រៀមបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីចិន ដើម្បីពង្រឹងមិត្តភាព និងលើកស្ទួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិតទៀត។

សូមបញ្ជាក់ផងដែរថា បន្ទាប់ការធ្វើវិសោធនកម្មច្បាប់ លុបបំបាត់ការកំណត់ចំនួនអាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីនោះ ទីបំផុត កំពូលមេដឹកនាំរបស់ប្រទេស ចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីបន្តទៀត ហើយបន្ទាប់ពីភាពជោគជ័យជាថ្មីនេះ លោក Xi ទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងគគ្រឹកគគ្រេងពីសំណាក់មេដឹកនាំនានាជុំវិញពិភពលោក៕

អត្ថបទទាក់ទង