ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ កិច្ចសហប្រតិបត្តិការល្អ គឺការវាយតម្លៃនិងការរិៈគន់ប្រកបដោយការស្ថាបនា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 33
លិខិតមិត្តអ្នកអាន៖ កិច្ចសហប្រតិបត្តិការល្អ គឺការវាយតម្លៃនិងការរិៈគន់ប្រកបដោយការស្ថាបនា លិខិតមិត្តអ្នកអាន៖ កិច្ចសហប្រតិបត្តិការល្អ គឺការវាយតម្លៃនិងការរិៈគន់ប្រកបដោយការស្ថាបនា

តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន លោកស្រី រ៉ូណាស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅចុងខែមេសា នេះ។ ប្រធានបទនៃដំណើរទស្សនកិច្ចលើកនេះគឺផ្តោតលើការពិនិត្យលើវិស័យសិទិ្ធមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាពយេនឌ័រ ព្រមទាំងការចូលរួម និងគណនេយ្យភាព។

កន្លងមក នៅរាល់ពេលដែលមានវត្តមានរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាម្តងៗ ក្រុមដែលមាននិន្នាការប្រឆាំង តែងតែលើកយកនូវចំណុចខ្វះខាតបន្តិចបន្តួច និងបំភ្លៃ បំប៉ោងការពិត ដែលធ្វើឱ្យអ្នករាយការណ៍ពិសេសរូបនេះមានការវាយតម្លៃមិនគ្រប់ជ្រុងជ្រោយ មិនឈរលើការពិត និងចេញរបាយការណ៍វាយតម្លៃស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា អាប់អួរខ្លាំងណាស់។ ទាក់ទងនឹងបញ្ហាទាំងប៉ុន្មានខាងលើនេះ គេបានមើលឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៦នេះ។ ជាក់ស្តែង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីនេះ គឺមាន១៧គោលដៅ ហើយក៏នឹងបន្ថែមគោលដៅទី១៨ ស្ដីពីការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ជាលទ្ធផល រាជរដ្ឋាភិបាល បានសម្រេចនូវគោលដៅមួយភាគធំរួចទៅហើយ ក្នុងចំណោមគោលដៅទាំងនោះ ហើយគោលដៅចំបងមួយដែលកំណត់អំពីការបញ្ចប់ភាពស្រេកឃ្លាន ក៏រាជរដ្ឋាភិបាលសម្រេច បាននូវបញ្ហាសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភផងដែរ។ ជារួម វិស័យសន្តិសុខស្បៀងនេះ គឺមានភាពប្រសើរឡើងតាមរយៈការលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ តាមរយៈការស្វែងរកការងារជូនពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក្នុងនោះការបង្កើតការងារជូនពលរដ្ឋជាយុវជន យុវនារីក្នុងប្រទេស នៅតាមបណ្តារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គឺជាការជួយកាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋនៅតាមទីជនបទ។

ក្នុងនាមជាដៃគូជាមួយភ្នាក់ងារអភិវឌ្ឍន៍ទាំងអស់ របស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាល បានបង្កើតវេទិកាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជួបប្រជុំប្រចាំឆ្នាំ ដើម្បីផ្លាស់ប្ដូរយោបល់ទៅលើផែនការសកម្មភាពនានានៃការអភិវឌ្ឍនៅក្នុងប្រទេស ហើយជាការកត់សម្គាល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានត្រៀមខ្លួនធ្វើជាដៃគូ ក្នុងការអនុវត្តកម្មវិធី អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ជាទូទៅស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺកាន់តែមានភាពប្រសើរឡើងជាលំដាប់ សមស្របទៅនឹងរបាយការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលក្តោបយកនូវការវិវឌ្ឍទាំងអស់ដែលបានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (អ ស ប) នាពេលកន្លងមក។

ក្នុងន័យនេះ គេសង្ឃឹមថា វត្តមានជាថ្មី របស់លោកស្រី រ៉ូណាស្មីត មកកម្ពុជានាពេលនេះ គឺមិនមែនជាការមកបង្គាប់បញ្ជាម្ចាស់ប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញឱ្យធ្វើកិច្ចការដែលមិនអាចធ្វើទៅរួចនោះទេ។ ការវាយតម្លៃ និងការរិៈគន់ប្រកបដោយការស្ថាបនា គឺជាប្រធានបទសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាបន្ត ដើម្បីឈានទៅរកកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ផ្ទុយទៅវិញ ការចេញរបាយការណ៍ដែលមានរបៀបវារៈនយោបាយនៅពីក្រោយ ដោយគ្មានកិច្ចពិភាក្សា និងការពន្យល់គ្នាទៅវិញទៅមក វានឹងអាចឈានទៅរកការប្រឈមដាក់គ្នាដែលជារនាំងដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជានិច្ចកាល គេសង្កេតឃើញរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតៗ ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនេះនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់ដោយផ្អែកលើគោលការណ៍នីតិរដ្ឋ ដើម្បីធានាឱ្យបាននូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងជាពិសេសគឺសុខសន្តិភាព ដែលប្រជាជនកម្ពុជាបានខិតខំស្វែងរកបានដោយលំបាក ដើម្បីរក្សាឱ្យបាននូវភាពសុខដុម និងវឌ្ឍភាពដ៏គួរជាទីមោទនៈនាពេលនេះ៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង