ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB ប្រប្រឹត្តទៅនៅប្រទេសហ្វីជី!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
កម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB ប្រប្រឹត្តទៅនៅប្រទេសហ្វីជី! កម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB ប្រប្រឹត្តទៅនៅប្រទេសហ្វីជី!

ប្រទេសកម្ពុជានឹងធ្វើជាអនុប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី (Fiji)។ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា កម្ពុជាពិតជាបាន និងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់ និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំខាងលើនេះ។ នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក ៣ លើកទី ២២ (22nd AFMGM+3) ផងដែរ។

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក ៣ លើកទី ២២ នេះ នឹងធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយោបល់លើលើរបៀបវារៈចំនួន ២ រួមមាន៖ (១)-ស្ថានការណ៍ និងការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅធានាកំណើនសេដ្ឋកិច្ចតំបន់ប្រកបដោយ បរិយាប័ន្ន និងចីរភាព, និង (២)-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសអាស៊ានបូក ៣។

ក្នុងនោះ អង្គប្រជុំនឹងធ្វើការពិនិត្យ និងផ្តល់ការណែនាំលើការពង្រឹងសមត្ថភាព អង្កេតតាមដានសេដ្ឋកិច្ចតំបន់ របស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក៏ដូចជាពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការពាក់ព័ន្ធ ការធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងការត្រៀមរួចរាល់នៃយន្តការពហុនីយកម្ម គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលយន្តការសុវត្ថិភាពហិរញ្ញវត្ថុតំបន់មួយ របស់ប្រទេសជាសមាជិកអាស៊ានបូក៣ សម្រាប់ជួយប្រទេសជាសមាជិកនៅពេលជួបវិបត្តិហិរញ្ញវត្ថុ។ បន្ថែមពីនេះ អង្គប្រជុំក៏នឹងពិនិត្យលើវឌ្ឍនភាពនៃសហប្រតិបត្តិការ នៅក្នុងយន្តការគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ (ABMI)ផងដែរ។

ដោយឡែក ចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADB លើកទី៥២ នៅក្នុងឆ្នាំ២០១៩នេះ លោក វង្សី វិស្សុត ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាទេសាភិបាល ADB នឹងចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើលទ្ធផលការងាររបស់ ADB នៅក្នុងឆ្នាំ២០១៨ ក៏ដូចជាកិច្ចការមួយចំនួនទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ ADB ដើម្បីផ្តល់ការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសជាសមាជិក។

ក្រៅពីនេះ លោក វង្សី វិស្សុត ក៏នឹងធ្វើការពិភាក្សាការងារដាច់ដោយឡែកជាមួយលោក Takehiko Nakao ប្រធាន ADB, លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB) និងមន្រ្តីជាន់ខ្ពស់របស់ធនាគារវិនិយោគអឺរ៉ុប (European Investment Bank- EIB) ផងដែរ ៕