ខ្មែរប៉ុស្ដិ៍ Close

EBA នឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្ពស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
EBA នឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្ពស់ EBA នឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្ពស់

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន។ លោក ឈិន យន់ បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចលើកទី២ របស់លោកមកកម្ពុជា ដើម្បីស្វែងរកឱកាសជួយដល់អ្នកវិនិយោគគិនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងដើម្បីជួយជំរុញការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរអោយបានឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ ដែរ លោកបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនលឿនរបស់កម្ពុជា ទាំងនៅតាមបណ្តាខេត្ត ជាពិសសេសនៅរាជធានីភ្នំពេញដែលមានការរីកចម្រើនយ៉ាងខ្លាំង។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឈិន យន់ និងប្រតិភូនឹងបន្តធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ។ លោក ឈិន យន់ បានគោរពជម្រាបជូនថា កន្លងមកមានធនាគារចិនចំនួនពីរដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយនឹងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសជាតិទៀតផង។ លោកបន្តថាសេដ្ឋកិច្ច និងនយោបាយ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយលោកបានមើលឃើញថាកម្ពុជាបានដើរតួនាទីសំខាន់នៅក្នុងការថែរក្សាស្ថិរភាព សន្តិភាពនៅក្នុងតំបន់ និងជាមិត្តជិតស្និតរបស់បណ្តាប្រទេសអាស៊ាន និងចិនផងដែរ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជូន លោក ឈិន យន់ ថា ថ្វីត្បិតថ្មីៗនេះ ខាង EU បានលើកយក EBA មកដាក់សម្ពាធលើកម្ពុជា គឺកម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរបានឡើយ។ កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ហើយដកដង្ហើមរស់ដោយខ្លួនឯង។ លោក បានបន្តគាំទ្រ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគតូចធំរបស់ប្រទេសចិនបន្តវិនិយោគនៅកម្ពុជា ហើយទន្ទឹមនឹងនោះលោក បានស្នើដល់ លោក យន់ ជួយកៀងគរអ្នកវិនិយោគចិនថ្មីៗអោយមកវិនិយោគនៅកម្ពុជាប្រកបដោយទំនុកចិត្តខ្ពស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក ឈិន យន់ អំពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនកន្លងទៅថ្មីៗនេះ ដែលបានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនដល់អ្នកវិនិយោគគិន ដើម្បីក្រុមហ៊ុនមានលទ្ធភាពបង់ពន្ធនាំចេញចូលងាយស្រួល ចំណាយតិចក្នុងការផលិត និងដឹកជញ្ជូន និងបានទទួលមកវិញនូវប្រាក់ចំណេញកាន់តែច្រើន។

លោក បានបញ្ជាក់ជូនលោក យន់ ក៏ដូចជាពាណិជ្ជករ និងអ្នកវិនិយោគគិនទាំងអស់ថា EBA គឺនឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្ពស់។ EBA គឺគេផ្តល់ជូនចំពោះប្រទេសដែលស្ថិតក្នុងស្ថានភាពក្រីក្របំផុត។ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភឡើយ ព្រោះទស្សនៈវិស័យសេដ្ឋកិច្ចនៅកម្ពុជាគឺឈានឆ្ពោះទៅរកវឌ្ឍនៈភាពរីកចម្រើន ហើយចូលរួមបង់ពន្ឋដារទៅប្រទេសដទៃដូចគេដូចឯង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបលោក យន់ អំពីគម្រោងអញ្ជើញទៅចូលរួមវេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ ដែលនឹងអញ្ជើញចេញដំណើរនៅថ្ងៃស្អែកចាប់ពីថ្ងៃទី២៥ ដល់ ២៩ មេសា ២០១៩។ លោក គ្រោងនឹងជួបពិភាក្សាបន្ថែមអំពីគម្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជចិន-កម្ពុជាដែលពាក់ព័ន្ធនឹងផ្លូវ១ខ្សែក្រវ៉ាត់១ ស្របជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាផងដែរនៅក្នុងកំឡុងពេលដែលលោកអញ្ជើញជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង និង លោក លី គឺជៀង នាយករដ្ឋមន្រ្តីចិន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី នឹងស្នើសុំការគាំទ្រ និងកិច្ចសហការជាមួយមិត្តចិន ដើម្បីជំរុញតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មពិសេសនៅខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានសក្តានុពលនោះអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

អត្ថបទទាក់ទង