ខ្មែរប៉ុស្ដិ៍ Close

អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងទីផ្សារចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងទីផ្សារចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងទីផ្សារចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព លោក ឈិន យីឈី (Qin Yizhi) អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទប្បញ្ញត្តិទីផ្សារចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការនាំដំណាំកម្ពុជា ចេញទៅកាន់ទីផ្សារចិន កាន់តែច្រើនថែមទៀត។

លោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ឈិន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺមានជាយូរលង់ណាស់មកហើយ ហើយកំពុងតែមានការសប្បាយរីករាយ ទទួលបានផ្លែផ្កាពីទំនាក់ទំនងល្អនេះ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងតែមានការរីកដុះដាលបន្ថែមទៀតជាលំដាប់។ លោក បានបន្តជម្រាបផងដែរថា ជាសំណាងណាស់ ដែលថ្នាក់ដឹកនាំប្រទេស កម្ពុជា-ចិន បានដាក់នយោបាយយ៉ាងត្រឹមត្រូវ ដែលនាំទៅដល់មានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ ។

លោក ឈិន យីឈី ក៏បានគោរពជម្រាបជូនផងដែរថា តាមរយៈទំនាក់ទំនង និងគោលនយោបាយត្រឹមត្រូវនេះ ប្រទេសទាំងពីរ ជាពិសេស កម្ពុជា បានទទួលនូវផលយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យកសិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។ ក្នុងន័យនេះដែរ លោក អនុរដ្ឋមន្ត្រី បានប្តេជ្ញាថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការនាំចូលដំណាំ ទំនិញកម្ពុជា កាន់តែច្រើនឡើងថែមទៀតទៅកាន់ទីផ្សារចិន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណចំពោះលោក ឈិន ដែលបានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។ លោក ក៏បានស្នើសុំឲ្យលោកអនុរដ្ឋមន្រ្តីចិន ធ្វើយ៉ាងណា បន្តធ្វើការជាមួយនឹងភាគីកម្ពុជា ដើម្បីជួយត្រួតពិនិត្យ ធ្វើយ៉ាងណាអាចឲ្យកម្ពុជា នាំចេញនូវកសិផលកម្ពុជា ទៅកាន់ប្រទេសចិន ជាពិសេសតាមរយៈការពង្រឹង ការពិនិត្យ ចត្តាឡីសក្តិ (ការត្រួតពិនិត្យសត្វ) និងភូតគាមអនាម័យ (ការធ្វើអនាម័យកសិកម្ម) លើដំណាំកសិផលរបស់កម្ពុជា។ លើសពីនេះទៅទៀត លោក ក៏បានសម្តែងនូវការគាំទ្រជាមួយនឹងអ្វី ដែលក្រសួងទាំងពីរ (កម្ពុជា-ចិន) បានធ្វើកន្លងមក ជាពិសេស ក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ៕

អត្ថបទទាក់ទង