លិខិតមិត្តអ្នកអាន៖ សច្ចភាពប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាត្រូវតែផ្តល់ជូនលោក ហ៊ុន សែន
ថ្មីៗនេះមានការវិភាគមួយចេញផ្សាយដោយប្រព័ន្ធឃោសនាដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្លឹមសារបទវិភាគនោះ គឺមានចេតនាបន្តុះបង្អាប់ស្នាដៃនិងកិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំងកម្ពុជាយ៉ាងអយុត្តិធម៌ដែលមិនអាចទទួលយកបាន។ អ្នកវិភាគដែលប្រើខួរក្បាលដែលគេចាក់បំពេញដោយមនោគមន៍វិជ្ជាបរទេស និងវិភាគបែកស៊ីឈ្នួលបម្រើផលប្រយោជន៍បរទេស បានបង្កើតតួលេខបំភ្លៃការពិតដោយលើកឡើងថា លោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជារយៈពេល៤០ឆ្នាំមកនេះ គឺឈ្នះលើតែពលរដ្ឋខ្លួនឯង ឈ្នះតែខាងកម្ទេចអ្នកនយោបាយប្រឆាំង ហើយបរាជ័យលើការងារជាតិសំខាន់ៗ។ បទវិភាគបែបវាយប្រហារ និងទាត់ចោលតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន សែន នេះគឺអយុត្តិធម៌ណាស់សម្រាប់រូបលោក និងប្រជាពលរដ្ឋកម្ពុជា ដោយសារខ្លឹមសារនៃបទវិភាគនោះមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង មានតែការបញ្ចេញបញ្ចូលដោយបំភ្លៃ និងគ្មានសច្ចភាពទាល់តែសោះ។
ឆ្លើយតបនឹងបទវិភាគដែលបម្រើមនោគមន៍វិជ្ជានយោបាយបរទេស និងបម្រើផលប្រយោជន៍ពួកប្រឆាំងផ្កាប់មុខខាងលើនេះ និងដើម្បីផ្តល់ជាគំនិតមួយចំនួនក្នុងការពិចារណាថ្លឹងថ្លែងពីការពិតជាក់ស្តែងជុំវិញបញ្ហាខាងលើ ខ្ញុំសូមរំលឹកព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រពិត ក្នុងសង្គមកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំង ហ៊ុន សែន មកធ្វើការបង្ហាញដូចតទៅ៖
-បុរសខ្លាំង ហ៊ុន សែន មិនមែនកាន់អំណាច ឬដឹកនាំប្រទេសរយៈពេល៤០ឆ្នាំ ដូចការបំភ្លៃឡើយ គឺរយៈពេល ៣៤ ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥មក។ គួររំលឹកថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដឹកនាំចលនាតស៊ូរំដោះជាតិ ទទួលបានជោគជ័យនៅឆ្នាំ១៩៧៩ គឺកម្ពុជាពេលនោះគ្មានអ្វីទាំងអស់។
-ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺកម្ពុជាចំណាយពេលអស់២០ឆ្នាំ គឺជាដំណាក់កាលដៃម្ខាងធ្វើសង្គ្រាម និងដៃម្ខាងអភិវឌ្ឍប្រទេសជាតិ នៅពេលដែលកម្ពុជា ស្ថិតក្នុងស្ថានភាពបែងចែកជាតំបន់សង្រ្គាម និងសន្តិភាព ថ្វីបើមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាមែន ប៉ុន្តែជាក់ស្តែងនៅតែមិនទាន់ទទួលបានការឯកភាពផ្ទៃក្នុងក្រោមការសម្របសម្រួលរបស់បរទេសឡើយ។ ដោយសារតែភាគីខ្មែរក្រហមនៅតែផ្តាច់ខ្លួន និងបន្តវាយប្រហារលើរដ្ឋាភិបាល។
-កម្ពុជាទទួលបានការសម្របសម្រួលពីបរទេសតាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមានប្រទេសហត្ថលេខីចំនួន ១៨ប្រទេស+កម្ពុជា។ ក៏ប៉ុន្តែនៅពេលនោះ កម្ពុជាត្រូវបែងចែកជា ៤ភាគី គឺរដ្ឋកម្ពុជា ហ្វ៊ុន ស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នា បង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់សម្រាប់កម្ពុជា”។
-ភាពមិនចុះសម្រុងគ្នាទាំងស្រុងនេះហើយដែលធ្វើឱ្យកម្ពុជានៅតែមិនមានឱកាសស្តារ និងកសាងប្រទេសឡើយនាសម័យនោះ។ តាមរយៈកិច្ចព្រមព្រៀងក្រុងបារីស កម្ពុជាទទួលបានជំនួយក្នុងការរៀបចំការបោះឆ្នោតមួយដោយអ៊ុនតាក់។ ការបោះឆ្នោតជាលើកដំបូងរបស់កម្ពុជា ត្រូវបានធ្វើឡើងនៅឆ្នាំ១៩៩៣ ដើម្បីស្វែងរកការគាំទ្រដែលកើតចេញពីសំលេងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប៉ុន្តែទោះបីជាបែបនេះក្តី ភាគីខ្មែរក្រហមនៅតែមិនចូលរួម និងមិនគាំទ្រការបោះឆ្នោតនោះឡើយ។
-ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជាបង្កើតបានរដ្ឋាភិបាលចំរុះមួយដែលដឹកនាំដោយក្បាលម៉ាស៊ីន២។ ស្ថានការណ៍នៅតែមិនទាន់អំណោយផលនៅឡើយ សម្រាប់ការស្តារឡើងវិញ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ។
-រហូតដល់ឆ្នាំ១៩៩៨ បន្ទាប់ពីការបោះឆ្នោតជាតិលើកទី២ ក្នុងគោលដៅកសាងសន្តិភាព និងរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម បុរសខ្លាំង ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដោយបានបោះទុនជីវិតចុះទៅតំបន់ខ្មែរក្រហម ការធ្វើសមាណរកម្មខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចប់ការបែងចែកទឹកដី បញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ និងកសាងបានសន្តិភាពពេញលេញពេញផ្ទៃប្រទេស។
-នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នយោបាយឈ្នះឈ្នះនេះ បានទទួលជោគជ័យទាំងស្រុង ហើយកម្ពុជាក៏ចាប់ផ្តើមរកឃើញពន្លឺ និងឱកាសមាសរបស់ខ្លួនជាលើកដំបូងក្នុងប្រវិត្តិ ដើម្បីស្តារ និងកសាងប្រទេសជាតិឡើងវិញ។
-ដូច្នេះកម្ពុជាបានចំណាយពេល ជិត៣០ឆ្នាំដើម្បីបង្រួបបង្រួម និងផ្សះផ្សារជាតិឡើងវិញ។ ទើបតែនៅដើមឆ្នាំ១៩៩៩ប៉ុណ្ណោះ ដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចស្វែករកឱកាសមាសសម្រាប់ស្តារ និងកសាងប្រទេសជាតិដោយពេលលេញ ក្នុងក្របខណ្ឌសន្តិភាពពេញផ្ទៃប្រទេស។
-ឆ្លើយតបនឹងការលើកឡើងថា លោក ហ៊ុន សែន ដឹកនាំប្រទេសបាន៤០នោះ គឺភស្តុតាងអ្វីដែលជាក់ស្តែងបំផុតគឺ លោក ហ៊ុន សែន ទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ប៉ុណ្ណោះ។ ហើយបើគិតពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលបុរសខ្លាំងប្រើពេលវេលាដឹកនាំ និងកសាងប្រទេសកម្ពុជាដោយពេញលេញ ទើបតែបាន២០ឆ្នាំប៉ុណ្ណោះ ពោលគឺមិនមែន៤០ឆ្នាំដូចការបំភ្លៃឡើយ។
-ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន បានកសាងសមិទ្ធផលជាច្រើន រាប់មិនអស់ ដែលផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាដកដល់ប្រជាពលរដ្ឋកម្ពុជា។ រយៈពេលតែ២០ឆ្នាំ ទំហំនៃសមិទ្ធផលដែលបានកើតឡើងក្រោមស្នាដៃនៃស្ថានិកសន្តិភាពកម្ពុជា គឺវាធំធេងណាស់ ដែលមិនអាចមើលរំលង និងទាន់ចោលតម្លៃបានឡើយ។
-សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម បណ្ណាល័យ មណ្ឌលកុមារកំព្រា ការិយាល័យរដ្ឋបាលសាធារណៈ អគារខ្ពស់ៗ ខន់ដូរ សំណង់តូចធំ រោងចក្រ សហគ្រាស ផ្សារប្រពៃណី ផ្សារទំនើប ផ្សាររាត្រី កន្លែងកំសាន្ត តំបន់ទេសចរណ៍ ការបណ្តុះបណ្តាលនិងកសាងធនធានមនុស្ស កំណែទម្រង់ប្រព័ន្ធសេវាសាធារណៈរបស់រដ្ឋ ការបង្កើននិងជំរុញការវិនិយោគផ្ទាល់ពីបរទេស កំណើនចំណូលរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចជាតិ ភាពជាដៃគូសហប្រតិបត្តិការជាមួយបរទេសលើឆាកអន្តរជាតិ កិច្ចខិតខំប្រឹងប្រែងក្នុងការការពារបេតិកភណ្ឌវប្បធម៌ទាំងរូបិយនិងអរូបិយ ការកែសំរួលប្រព័ន្ធធារាសាស្ត្របំរើដល់វិស័យកសិកម្ម និងដាក់ឱ្យដំណើរការឡើងវិញនូវប្រព័ន្ធផ្លូវដែក ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំអន្តរជាតិធំៗជាច្រើនលើទឹកដីកម្ពុជា ដែលបានកសាងនូវឧត្តមភាព និងកិត្តិនាមរបស់កម្ពុជាសារជាថ្មីលើឆាកអន្តរជាតិ។ ក្រៅពីនេះនៅមានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋាភិបាលបុរសខ្លាំងសម្រេចបាន។
តាមរយៈតថភាពពិតនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានផ្តល់ទំនុកចិត្តលើរដ្ឋាភិបាល កាន់តែខ្លាំងឡើងៗ បើទោះបីជាមានក្រុមអគតិ និងក្រុមបំផ្លាញជាតិព្យាយាមអូសទាញ និងបំភ្លៃការពិតយ៉ាងណាដ៏ដោយ ក៏ជំហរប្រជាពលរដ្ឋដ៏ច្រើនលើសលុប នៅតែបង្ហាញការគាំទ្រចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត២០១៨។ ពីមួយអាណត្តិទៅមួយអាណត្តិប្រជាពលរដ្ឋកាន់តែផ្តល់ទំនុកចិត្តកាន់តែខ្ពស់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទាំងនេះជាសច្ចភាពពិត មិនអាចប្រកែកឬបិទបាំងបានឡើយ៕
ដោយ៖ នាគសេន