ខ្មែរប៉ុស្ដិ៍ Close

អនុសាសន៍សំខាន់ ៥ចំណុច ដើម្បីបដិវត្តឧស្សាហកម្មទី៤ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
អនុសាសន៍សំខាន់ ៥ចំណុច ដើម្បីបដិវត្តឧស្សាហកម្មទី៤ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព អនុសាសន៍សំខាន់ ៥ចំណុច ដើម្បីបដិវត្តឧស្សាហកម្មទី៤ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke Phnom Penh នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានផ្តល់នូវអនុសាសន៍៥ចំណុច ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនោះ។

អនុសាសន៍ទាំង ៥ចំណុចដែលជាគំនិតផ្តួចផ្តើម និងការងារអាទិភាពមានដូចខាងក្រោម៖
ទី១- ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖
នេះគឺជាបុរេលក្ខខណ្ឌនៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន និងម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋានឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

ទី២- ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖
ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក, ខ្សែកាបអុបទិកបាតសមុទ្រ, ការចែកចាយ, និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធ Internet មានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។

ទី៣- ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖
ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែ ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទី៤- ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖
សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។

ទី៥- ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្ស៊ី (Ecology)៖
ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង៕

អត្ថបទទាក់ទង