ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពដែលត្រូវជនដៃដល់បាញ់សម្លាប់ដោយចោទថាជាចោរលួចឡាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពដែលត្រូវជនដៃដល់បាញ់សម្លាប់ដោយចោទថាជាចោរលួចឡាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហាញការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពដែលត្រូវជនដៃដល់បាញ់សម្លាប់ដោយចោទថាជាចោរលួចឡាន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានសម្តែងការហួសចិត្ត ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ចដែលបង្ក្រាបអ្នកបើករថយន្ត ដែលឈានរហូតដល់ការបាញ់សម្លាប់មនុស្ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា អ្នកដែលបាញ់អ្នកបើករថយន្តនោះគឺជាកូនប្រុសនគរបាលជាន់ខ្ពស់មួយរូប ហើយលោកបញ្ជាឲ្យនគរបាលរូបនោះនាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះមកដោះស្រាយតាមច្បាប់ជាបន្ទាន់បើមិនដូច្នេះទេនឹងត្រូវអស់តំណែងផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង១ពាន់នាក់ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយគ្រួសារសពអ្នកបើករថយន្ត ដែលគេចោទថាជាចោរលួចឡាន។ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានបញ្ជាឲ្យចាប់បានម្នាក់ហើយនៅសល់ម្នាក់ទៀត។ បើទោះបីវាជាចោរមែនក៏ដោយ ប៉ុន្តែនៅពេលយើងតាមវាជាប់ហើយ ត្រូវចាប់វា អត់ត្រូវបាញ់អីចឹងទេ តែនេះហេតុអីបានជាធ្វើដល់ថ្នាក់បែបហ្នឹង ខ្ញុំមិនយល់ទេ ហេតុអីបានវាទៅអីចឹង។ ឥឡូវចាប់បានមួយហើយ នៅសល់មួយទៀត រឿងអស់នេះត្រូវប្រយ័ត្នប្រយែង ប្រតិបត្តិការកាត់សេចក្តីដោយអាវុធមិនមែនជាជម្រើសល្អទេ»។

លោកនាយករដ្ឋមន្រ្ដីថ្លែងទៀតថា «តាមដឹងអ្នកដែលបាញ់នោះ គឺជាកូនមេប៉ូលិសទៀតផង ហើយមេប៉ូលិសនោះ ត្រូវតែតាមរកប៉ូលិសដែលបាញ់នោះឲ្យឃើញ បើមិនអីចឹងទេ ទៅទាំងមេប៉ូលីសនេះ (ដកតំណែង)»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា រឿងអយុត្តិធម៌មួយចំនួននៅក្នុងសង្គម មិនគួរកើតបែរជាបណ្តោយឱ្យកើតមានទៅកើតដូចជាករណីបាញ់សម្លាប់ក្រុមជនសង្ស័យលួចរថយន្តនៅឯខេត្តព្រៃវែងជាដើម៕