លោក គឹម សន្តិភាព បកស្រាយជុំវិញការបញ្ចប់ការឃុំខ្លួន កឹម សុខា និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះលោក កឹម សុខា មិនស្ថិតក្រោមរបបនៃការឃុំខ្លួន បណ្តោះអាសន្នទេ គឺដាក់ឱ្យស្ថិតក្នុងរបបនៃការដាក់ឱ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ពីព្រោះថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ប៉ុន្តែនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះ លែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការ នៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់លោក កឹម សុខា អនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០។
លោកបានថ្លែងដូចនេះ នៅក្នុងបទសម្ភាសន៍ពិសេសដោយផ្ទាល់ជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីឆ្លើយតបនឹងការលើក ឡើងថ្មីៗនេះថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេលដែល អនុញ្ញាតដោយច្បាប់គឺមានន័យថា ឃុំខ្លួនលើសពី១៨ខែហើយ នៅពុំទាន់មានការដោះលែងទៀត។
ពាក់ព័ន្ធនឹងសំណួរដែលចោទថា តើលោក កឹម សុខា ត្រូវបានឃុំខ្លួន ហួសរយៈពេល១៨ខែនោះ ត្រូវបានលោក គឹម សន្តិភាព គូសបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ហេតុនេះមានន័យថា ការឃុំខ្លួនត្រូវបានបញ្ចប់ ហើយរយៈពេលដែលលោក កឹម សុខា ត្រូវបានឃុំខ្លួននោះគឺរយៈពេល ១ឆ្នាំ៤ថ្ងៃតែប៉ុណ្ណោះ។
ដោយឡែកក្រោយពីបញ្ចប់ការឃុំខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំពោះលោក កឹម សុខា ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ ឱ្យលោក កឹម សុខា អនុវត្តរហូតមកដល់ពេលនេះ។ ហេតុដូច្នេះការណ៍ដែល លើកឡើងថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំង ហួសរយៈពេល ១៨ខែ មកហើយនេះជាការឃុំខ្លួនខុសច្បាប់ គឺជាការលើកឡើងខ្វះភាព យល់ដឹងលើទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា ដោយហេតុថា តាមផ្លូវច្បាប់លោក កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតក្នុងរបបនៃការដាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន១៨ខែនោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងថា លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួន ក្នុងផ្ទះ មិនអាចចាកចេញពីគេហដ្ឋានបាននោះទេ ត្រូវបានលោក គឹម សន្តិភាព គូសបញ្ជាក់ថា យោងតាមការសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលសម្រេច ដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ បានចង្អុលបង្ហាញនូវការតព្វកិច្ចមួយចំនួន ឱ្យលោក កឹម សុខា អនុវត្តក្នុងនោះចៅក្រមស៊ើបសួរបានកំណត់បរិវេណ ព្រំប្រទល់ ដែនដីមួយដែលអនុញ្ញាតឱ្យលោក កឹម សុខា ធ្វើដំណើរបានដែល បរិវេណនេះ ពុំមែនមានទំហំត្រឹមតែគេហដ្ឋានលោក កឹម សុខា នោះទេ ហេតុនេះលោក កឹម សុខា អាចធ្វើដំណើរចេញពីគេហដ្ឋានរបស់ លោក បាន។ ត្រង់ថាលោក កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់លោក គឺជាសិទ្ធិរបស់លោក ហើយតាមច្បាប់កម្ពុជា ការឃុំខ្លួនត្រូវធ្វើនៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែតែប៉ុណ្ណោះ៕