កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍លំហាត់នាគមាសឆ្នាំ២០១៩ ដែលមានរយៈពេលជិត១ខែ
ការរៀបចំលំហាត់នាគមាស ឆ្នាំ២០១៩ រវាងកងទ័ពកម្ពុជា-ចិន ដែលមានរយៈពេល២៨ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា លំហាត់នេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាពជាដើម។ លោក បានបញ្ជាក់ទៀតថា លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តនយោបាយការពារជាតិរវាងប្រទេសកម្ពុជា-ចិន លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។
កម្ពុជា-ចិន បានរៀបចំលំហាត់នាគមាស ចំនួន២ដងរួចទៅហើយ គឺលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់នាគមាសឆ្នាំ២០១៨ មានចំនួនជិតកន្លះខែ ប៉ុន្តែលំហាត់នាគមាសឆ្នាំ២០១៩នេះ មានរយៈពេលកាន់តែច្រើន និងធំជាងឆ្នាំ២០១៨ថែមទៀត។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បន្ថែមថា លំហាត់ហ្វឹកហ្វឺននេះ មានកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជា ចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមានការហ្វឹកហាត់ផ្តោតសំខាន់ លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ និង អាវុធគាំទ្រពីលើអាកាសជាដើម៕