ខ្មែរប៉ុស្ដិ៍ Close

លិខិតពីមហាជន៖ សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ!

ដោយ៖ ឱក ច័ន្ទវត្តី ​​ | ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 76
លិខិតពីមហាជន៖ សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ! លិខិតពីមហាជន៖ សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ!

នៅក្នុងការថ្លែងទៅកាន់អ្នកចូលរួមជាសាក្សី នៃពិធីចុះហត្ថលេខានោះ សម រង្ស៊ី បាននិយាយថា នៅពេលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនឹងសម្រេចផ្តល់ស្វ័យភាពគ្រប់គ្រង ខេត្តទាំងនេះដល់ក្រុមជនជាតម៉ុងតាញ៉ាវៀតណាមនិង ផ្តល់សិទ្ធិចាត់ចែងលើដីធ្លី ប្រគល់ត្រឡប់ឱ្យវិញនូវដីធ្លី ផ្ទះសម្បែង និងភ្នំព្រៃព្រឹក្សាជូនឱ្យក្រុមជនជាតិវៀតណាមនេះវិញ។ ទង្វើទាំងនេះហើយដែលប្រជាពលរដ្ឋបានយល់ថា អ្វីដែល សម រង្ស៊ី បានធ្វើគឺជាទង្វើក្បត់ជាតិ និងដើរតាមគន្លង សម សារី ឪពុករបស់ខ្លួនក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរ។ សម រង្ស៊ី ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេចលនាវៀតណាមឈ្មោះ កុក ស នេះមែន ខណៈក្រុមអ្នកវិភាគ និងអង្គការសិទ្ធិមនុស្សផ្គាប់មុខទៅរកក្រុម អ្នកនយោបាយប្រឆាំងព្យាយាមការពារទាំងងងើលដោយគ្មានការពិចារណា និងការអៀនខ្មាស។ ទង្វើរបស់ សម រង្ស៊ី នៅពេលនេះពិតជាអំពើក្បត់ជាតិមិនអាចប្រកែកបានឡើយ។

ទី១៖ រំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ៖ មាត្រា ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។ មាត្រា ៣ ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។ កាលដែល សម រង្ស៊ី សន្យាកាត់ដី ផ្តល់ស្វ័យភាពឱ្យក្រុមជនជាតិវៀតណាមម៉ុង តាញ៉ាគ្រប់គ្រងលើដីខ្មែរ នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលគឺជាផែនការក្បត់ជាតិមួយយ៉ាងធ្ងន់ធ្ងរព្រោះទាំង សម រង្ស៊ី ទាំងរដ្ឋាភិបាលមិនមានសិទ្ធិផ្តល់ស្វ័យភាព ឱ្យជនបរទេសណាមួយ។ ទង្វើ សម រង្ស៊ី នេះជាការបំបែកប្រទេសកម្ពុជាជាចំរៀកៗដែលនេះគឺជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយក៏ជាការធ្វើរដ្ឋប្រហារធម្មនុញ្ញមួយយ៉ាងច្បាស់ក្រឡែត។ តើនេះមិនមែនជាទង្វើក្បត់ជាតិទេឬ?

គ្រាន់តែឃើញកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និង កុក ស ប្រជាជនខ្មែរពិតជាញាក់សាច់ និងមិនដឹងថា សម រង្ស៊ី ដែលអួតថា ខ្លួនជាអ្នកស្នេហាជាតិ តាមពិតគឺជាជនក្បត់ជាតិ កាត់ទឹកដីឱ្យបរទេសដើម្បីបំពេញមហិច្ឆតាអំណាចដ៏លេលារបស់ខ្លួន។ ពលរដ្ឋខ្មែរពិតជាមិនអាចទទួលយកបានឡើយចំពោះអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរនេះ។

ទី២៖ ជនជាតិម៉ុងតាញ៉ាជាជនជាតិវៀតណាមមិនមែនជនជាតិខ្មែរ៖ នៅពេលចុះ ហត្ថលេខាសម្រេចផ្តល់ស្វ័យភាពដល់ក្រុមជនជាតិវៀតណាមម៉ុងតាញ៉ា តើសម រង្ស៊ី បានសួរខ្លួនឯងទេថាតើអ្នកនោះជាជនជាតិអ្វី បានជាខ្លួនត្រូវសន្យាកាត់ដីឱ្យ និងផ្តល់ ស្វ័យភាពដល់ជនទាំងនោះ? សម រង្ស៊ី អាចដឹងប៉ុន្តែដោយសារតែដើម្បីសម្រេចមហិច្ឆ តាអំណាចរបស់ខ្លួន សម រង្ស៊ី មិនបានគិតជាតិជាធំឡើយ។ ម៉ុងតាញ៉ាគឺជាជនជាតិភាគ តិចរបស់វៀតណាម។ ពួកគេមានឈាមជ័រជាជនជាតិវៀតណាម មិនមែនជាជនជាតិ ខ្មែរឡើយ។ ហេតុដូច្នេះហើយ នាពេលកន្លងទៅនេះ នៅពេលជនជាតិម៉ុងតាញ៉ាវៀត ណាមរត់ចូលប្រទេសកម្ពុជាដោយខុសច្បាប់ អាជ្អាធរកម្ពុជាត្រូវអនុវត្តច្បាប់ដោយចាប់ បញ្ជូនអ្នកទាំងនោះទៅប្រទេសកំណើតវិញ។ បើដឹងយ៉ាងដូច្នេះចុះហេតុអ្វីបានជា សម រង្ស៊ី សម្រេចសន្យាកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិបរទេសទៅកើត?

ចុងក្រោយនេះដោយមិនអាចគេចពីការទទួលខុសត្រូវរបស់ខ្លួន សម រង្ស៊ី បានលើកឡើងថា ទទួលស្គាល់តែជនជាតិម៉ុងតាញ៉ាដែលមានសញ្ជាតិខ្មែរ។ ចុះបើជនជាតិម៉ុងតាញ៉ាវៀតណាម មានសញ្ជាតិខ្មែររួចទៅហើយ តើចាំបាច់អ្វីត្រូវធ្វើកិច្ចព្រមព្រៀងជាមួយគ្នាធ្វើអ្វី? ហើយអ្វីដែលអស់សំណើចនោះលោក កុក ស មិនចេះនិយាយភាសាខ្មែរតែម្តង តើចំណុចនេះឬដែលថា លោក កុក ស ជាជនជាតិខ្មែរ ?។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការគាំពារស្មើៗគ្នាចំពោះជនជាតិដើមភាគតិច ដែលរស់នៅក្នុងប្រទេសកម្ពុជាជាយូរលង់មកហើយ ប៉ុន្តែ ជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជាជនជាតិខ្មែរទេ។ ដូច្នេះទាំង សម រង្ស៊ី និង អំ សំអាត មកពីអង្គការសិទ្ធិមនុស្សលីកាដូ កុំព្យាយាមបំផ្លៃការពិត និងបិទបាំងកំហុសឆ្គងរបស់ខ្លួនអី។ កំហុសរបស់ សម រង្ស៊ី គឺធ្វើជាយល់ច្រឡំថា ជនជាតិម៉ុងតាញ៉ាវៀតណាម ជាជនជាតិខ្មែរទៅវិញ ហើយការសម្រេចផ្តល់ស្វ័យភាពដល់ជនជាតិម៉ុងតាញ៉ាវៀតណាម គឺស្មើនឹងការកាត់ទឹកដីខ្មែរទៅឱ្យជនជាតិនេះ។

បើពីនិត្យលើទិដ្ឋភាពច្បាប់ និងទង្វើទាំងនេះ សម រង្ស៊ី ដែលជាមេគណបក្សនយោបាយ បានប្រព្រឹត្តនូវទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។ នេះគឺជាការនាំប្រទេសកម្ពុជា ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយប្រទេសជិតខាងយ៉ាងពិតប្រាកដ និងបែងចែកទឹកដីកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ សម រង្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ហើយប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឱ្យជនក្បត់ជាតិ ដូច សម រង្ស៊ី នេះបានទេ។ នៅពេលនេះប្រជាពលរដ្ឋខ្មែរកាន់តែមើលឃើញច្បាស់ថា នរណាជាអ្នកស្នេហាជាតិពិតប្រាកដ! សំណាងសម្រាប់កម្ពុជាណាស់ដែល នៅក្នុងការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជា ជាឈ្នះ ការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេស បើពុំនោះទេដីខ្មែរនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ជនបរទេសដែល សម រង្ស៊ី តែងតែចោទថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នធ្វើជាអាយ៉ងនោះ។

កាន់តែសំណាងថែមទៀត នៅពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលជោគជ័យក្នុងការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងនយោបាយ និងកម្លាំងនៃចលនាបដិវត្តន៍ពណ៌ នៅកម្ពុជា និងចុងក្រោយកាន់តែសំណាងខ្លាំង ពេលដែលតុលាការកំពូលរកឃើញថា គណបក្សសង្គ្រោះជាតិដែលបានឃុបឃិតនឹងបរទេសទទួលការបង្គាប់បញ្ជាពីបរទេសត្រូវបានសម្រេច រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។

ជាតិ និងប្រជាជនកម្ពុជាមិនអាចទុកចិត្តលើក្រុមជនក្បត់ជាតិនេះបានឡើយ ! មិនទាន់នឹងបានឡើងដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងអ្នកខ្លះដើម្បីឡើងកាន់អំណាច សុខចិត្តទទួលបង្គាប់បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង។ ប្រជាពលរដ្ឋកម្ពុជាមិនត្រូវបានទង្វើក្បត់ជាតិទាំងនេះឡើយ និងចូលរួមជ្រោងទង់ជាតិខ្មែរ ប្រឆាំងនឹងអំពើក្បត់ជាតិ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ កម្ពុជាដែលពេលនេះបានសុខសន្តិភាពដោយសារតែបាតដៃនៃថ្នាក់ដឹកនាំនៃគណបក្ស ប្រជាជនកម្ពុជានិងការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋ។ ដោយសារតែអំពើល្អរបស់កម្ពុជា ប្រទេសដែលធ្លាប់តែកំសត់ និងរងទុក្ខវេទនាដោយសង្គ្រាមស៊ីវិលមួយនេះ បានបន្តរស់នៅយ៉ាងសុខសាន្តក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ហើយក្រុមជនក្បត់ជាតិក៏ត្រូវបានរំលាយទាំងអង្គការចាត់តាំងនយោបាយនិងកម្លាំង៕

ដោយ៖ ចៅចាក់ស្មុក និងប្រជាពលរដ្ឋដែលស្រឡាញ់ជាតិខ្មែរ
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨