ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការការងារជាមួយគណៈប្រតិភូប្រទេសកាណាដា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការការងារជាមួយគណៈប្រតិភូប្រទេសកាណាដា អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការការងារជាមួយគណៈប្រតិភូប្រទេសកាណាដា

នៅថ្ងៃទី១៧ មករា ឆ្នាំ ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូប្រទេសកាណាដា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួនទៅថ្ងៃអនាគត។ តំណាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងគណៈប្រតិភូកាណាដា ដឹកនាំដោយលោក Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario។

លោក សុខ សង្វារ បានស្វាគមន៍ដល់គណៈប្រតិភូកាណាដាយ៉ាងកក់ក្តៅ ដោយបានពន្យល់ពីកាលប្រវត្តិសំខាន់ៗនៃ រមណីយដ្ឋានអង្គរ ក៏ដូចជាការងាររបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ តាំងពីពេលដែលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ រហូតរមណីយដ្ឋាននេះរួចផុតពីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ២០០៤។ ជាមួយគ្នានេះ លោកក៏បានអនុញ្ញាតឲ្យមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា៣រូប ធ្វើបទបង្ហាញដល់គណៈប្រតិភូដែលបង្ហាញអំពីការអភិរក្សប្រាសាទ ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

លោក Michael Chan (មីឆែល ចាន់) អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍កាណាដា បានថ្លែង អំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលទទួល ស្វាគមន៍គណៈប្រតិភូកាណាដា។ ក្នុងនោះលោកក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនាពេលកន្លងមក។

សមាជិកសភានៃរដ្ឋ Ontario លោក Geng Tan មានប្រសាសន៍ថា រមណីយដ្ឋានអង្គរជាតំបន់ពុទ្ធសាសនា ដ៏ធំមួយ។ លោកយល់ថា រមណីយដ្ឋានអង្គរនឹងមានសក្តានុពលកាន់តែខ្លាំងក្នុងការស្រូបទាញទេសចរ បើរៀបចំឲ្យទៅជាផ្នែកមួយនៃតំបន់ធម្មយាត្រារបស់ពុទ្ធសាសនិកជនជុំវិញពិភពលោក។ ការយល់ឃើញដូច្នេះ បន្ទាប់ពីលោកបានស្តាប់បទបង្ហាញដែលបញ្ជាក់អំពីភាពរស់នៃរមណីយដ្ឋានអង្គរតាមរយៈកិច្ចប្រតិបត្តិជំនឿសាសនារបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួនសព្វថ្ងៃ។

កុងស៊ុលកិត្ដិយសព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋ Ontario លោក ឈួរ ឆាត ចង់ឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងកាណាដា ពិសេសគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកាណាដា ហៅកាត់ថា CIDA ដើម្បីបន្ដអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែប្រសើរទៅមុខទៀត។

បន្ថែមពីនេះគណៈប្រតិភូកាណាដា ចង់ឱ្យមានកិច្ចសហការផ្នែកអប់រំបេតិកភណ្ឌ និងចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងបេតិក ភណ្ឌកាណាដា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅថ្ងៃអនាគតផងដែរ៕

អត្ថបទទាក់ទង