ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកបេសកកម្មចុះជួបកម្មករសម្រាប់ឆ្នាំថ្មី ដោយជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃស្អែក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បើកបេសកកម្មចុះជួបកម្មករសម្រាប់ឆ្នាំថ្មី ដោយជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃស្អែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកបេសកកម្មចុះជួបកម្មករសម្រាប់ឆ្នាំថ្មី ដោយជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃស្អែក

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នឹងអញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។

ជំនួបសំណេះសំណាលនៅថ្ងៃស្អែកនេះនឹងធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាែកវ។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងលោក និងកម្មករ កម្មាការិនីនៅថ្ងៃស្អែក ជាជំនួបលើកទី៣ហើយសម្រាប់ខេត្តតាែកវ។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយលោក ហ៊ុន សែន មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការការត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានលើកបង្ហាញអំពីស្ថានភាពការងារនៅក្នុងខេត្តតាកែវ នាពេលបច្ចុប្បន្នផងដែរ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានការងារសរុប ១៦៤ មានកម្មករនិយោជិត ៤៨,១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ និយោជិតចំនួន ៣៩,៩៤៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី បានចាត់ទុកស្ថានភាពដ៏ល្អប្រសើរនៃវិស័យឧស្សាហកម្មនៅក្នុងខេត្តតាកែវនេះថា ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។

វិស័យឧស្សាហកម្មជាវិស័យដ៏ចម្បងមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ។ ដើម្បីធ្វើឲ្យវិស័យមួយនេះមានភាពកាន់តែល្អប្រសើរនោះ លោក ហ៊ុន សែន បានសម្រេចដាក់ចេញបេសកកម្មចុះពិនិត្យតាមរោងចក្រ សហគ្រាស និងសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។

បើតាមលោក អ៉ិត សំហេង មកដល់ត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ៦២លើក មានកម្មករ កម្មការិនីចូលរួមសរុប ៨៩៤,៧៤៧នាក់។ សម្រាប់រយៈពេលពេញពេញមួយឆ្នាំ២០១៨កន្លងទៅ លោក ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥៩៦,១១៩នាក់។

តាមរយៈដំណើរចុះជួបជាបន្តបន្ទាប់នោះ មានបញ្ហាប្រឈមត្រូវបានដោះស្រាយ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានលោក ហ៊ុន សែន សម្រេចដាក់ចេញជាគោលការណ៍ជូនដល់កម្មករ កម្មការិនី។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការងារចំនួន១០ចំណុច ដើម្បីធានារក្សាបាននូវអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ កម្មការិនី។ ការងារទាំង១០ចំណុចនោះរួមមាន៖

១. គ្រប់រោងចក្រទាំងអស់ នឹងអនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ចំនួន ១៨២ដុល្លារ និងបើកប្រាក់ឈ្នួល ២សប្តាហ៍ម្តង។
២. កម្មករ និយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។
៣. កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។
៤. បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន។
៥. និយោជកបានអនុវត្តកាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករ និយោជិត។
៦. រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករ និយោជិត។
៧. បានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍សម្រាប់កម្មករ និយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩។
៨. អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់ដំណាច់អតីតភាពការងារ បើកប្រាក់ដំណាច់អតីតភាពការងារជូនកម្មករ និយោជិត ៦ខែម្តង។
៩. បន្តសហការជាមួយក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ និយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
១០. បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឲ្យពួកគេទទួលបានរបបគាំពារសង្គមទាំងពេលបច្ចុប្បន្ន និងពេលត្រឡប់មកវិញ៕

 

ប្រភព៖ Fresh News

អត្ថបទទាក់ទង