ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បរទេសកុំព្យាយាមសាងកំហុសលើកទី៣ មកលើប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បរទេសកុំព្យាយាមសាងកំហុសលើកទី៣ មកលើប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បរទេសកុំព្យាយាមសាងកំហុសលើកទី៣ មកលើប្រទេសកម្ពុជា

ជាថ្មីម្តងទៀត លោកនាយរដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូនេះ បានអំពាវនាវដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កុំព្យាយាមសាងកំហុសលើកទី៣ មកលើប្រទេសកម្ពុជា។

លោក បានមានប្រសាសន៍ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរ សាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម ស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា កំហុសនោះមានដូចជា អាមេរិក គាំទ្ររដ្ឋប្រហារយោធា ក្នុងនាមគេជាប្រទេសអួតអាងថាប្រកាន់លទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៧០ ដោយបានគាំទ្រ ប៉ុល ពត ដែលបានសម្លាប់មនុស្ស មិនបានគិតគូរពីសិទ្ធិមនុស្ស និងគាំទ្រឲ្យខ្មែរ ក្រហមមានអាសនៈនៅអង្គការសហប្រជាជាតិដែលមានរយៈពេលប្រមាណជាង ១២ឆ្នាំ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានរំលឹកថា ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានក្លាយជាប្រទេសមួយដែលមានតំបន់ត្រួតត្រា៤ រួមមាន៖ កម្លាំងខ្មែរក្រហម កម្លាំងរាជានិយមដឹកនាំដោយសម្តេចនរោត្តម សីហនុ កម្លាំងរបស់លោកតា សឺន សាន្ត និងរបបក្រុងភ្នំពេញដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លុះក្រោយឆ្នាំ១៩៩៣ កម្ពុជាបានក្លាយជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ គឺតំបន់មួយដឹកនាំដោយរាជរដ្ឋាភិបាល និងតំបន់មួយទៀត ដឹកនាំដោយខ្មែរក្រហម។ តែក្រោយឆ្នាំ១៩៩៨ កម្ពុជា បានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍៕

អត្ថបទទាក់ទង