ខ្មែរប៉ុស្ដិ៍ Close

តាមរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ សរុបប្រមាណ ១៣៨,៩៣៧ គ្រួសារ ទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30
តាមរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ សរុបប្រមាណ ១៣៨,៩៣៧ គ្រួសារ ទូទាំងប្រទេស តាមរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ សរុបប្រមាណ ១៣៨,៩៣៧ គ្រួសារ ទូទាំងប្រទេស

ក្នុងប្រតិបត្ដិការជាប្រចាំពេញមួយឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយ ប្រយោលសរុបប្រមាណ ១៣៨,៩៣៧គ្រួសារ និងសេវាកម្មមនុស្សធម៌ ផ្សេងៗទៀត ជាង១០ម៉ឺនគ្រួសារ។ នេះបើយោងតាមរបាយការណ៍ សកម្មភាពការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់កាកបាទ ក្រហមកម្ពុជា បង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល នៅស្នាក់ កណ្ដាលកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែង នូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទៅតាមផែនការប្រចាំឆ្នាំដែលបានកំណត់ និងក្នុងកិច្ចការងារក្រៅអាទិភាព ជាច្រើនទៀត។

លើសពីនោះលោកស្រី ក៏បានលើកទឹកចិត្ដ ជាពិសេស ចំពោះសកម្មភាព របស់យុវជនទូទាំងប្រទេស ក្នុងនាមជាយុវជនរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាអ្នកស្ម័គ្រចិត្ដ ត្រូវបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាព ធ្វើជាយុវជនគំរូ និងនាំមុខ ក្នុងវិស័យអប់រំ ពិសេសនៅក្នុងថ្នាក់រៀនរបស់ ខ្លួន។

ទន្ទឹមនឹងនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលបានផ្តល់នូវថវិកា និងសម្ភារៈ ជូនដល់កាកបាទក្រហមកម្ពុជាក្នុងទិវា ពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ និងក្នុងឱកាសផ្សេងៗ កន្លងមកនេះ។

លោកស្រី ក៏បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដែលតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម្រាប់ជួយសង្គ្រោះ ប្រជារាស្ត្រ កម្ពុជាក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា បានណែនាំតម្រង់ទិស ការងារនៃវិស័យទាំងបួន តាមយុទ្ធសាស្ដ្រ២០១១-២០២០ របស់កាកបាទ ក្រហមកម្ពុជា ស្របតាមគោលនយោបាយជាតិ ឱ្យប្រតិបត្ដិការទៅយ៉ាង រលូន និងមានប្រសិទ្ធភាព។ ជាក់ស្ដែងនៅឆ្នាំ២០១៨ ជាឆ្នាំដែលកម្ពុជា បន្ដការអភិវឌ្ឍលើកគ្រប់វិស័យ នៃប្រទេសជាតិទាំងមូល ក្រោមពាក្យស្លោក «សន្ដិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ» កាកបាទក្រហមកម្ពុជា ក្នុងតួនាទី ជាជំនួយការ ឱ្យអាជ្ញាធរសាធារណ និងជាស្ថាប័ននាំមុខគេ ក្នុងវិស័យ មនុស្សធម៌ នៅតែខិតខំពង្រឹង និងពង្រីកវិសាលភាពទូទាំងប្រទេស។

ឆ្នាំនេះបើទោះបីជាកម្ពុជា មានគ្រោះទឹកជំនន់ដោយទឹកភ្លៀង ទឹកទន្លេមេគង្គ ស្ទើរទូទាំងប្រទេស និងរងផលប៉ះពាល់ពីការបាក់ទំនប់ វារីអគ្គិសនីពី ប្រទេសឡាវក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ដប្រឹងប្រែង អនុវត្ដ ឆ្ពោះទៅតាមទស្សនវិស័យ «ចូលរួមកាត់បន្ថយភាពក្រីក្រ» ជាមួយ រាជរដ្ឋាភិបាល ដោយក្ដោបការយកចិត្ដទុកដាក់លើការងារឆ្លើយតប ចំពោះគ្រោះមហន្ដរាយ ដែលបង្កដោយគ្រោះធម្មជាតិ។ ការថែទាំ សុខភាព ក្នុងសហគមន៍ ព្រមជាមួយការលើកកម្ពស់ ការងារសុខុមាលភាពសង្គម ដែលជាបញ្ហាប្រឈម សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស៕

 

អត្ថបទទាក់ទង