លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ
នៅក្នុងឱកាសដ៍នក្ខត្តឬក្សប្រសើរថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយក្នុង ឱកាសខួបកំណើតគម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ របស់លោកស្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីអំណរសាទរដ៍ស្មោះអស់ពីដួងចិត្ត និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង និងសូមលោកស្រី បានប្រកបដោយបញ្ញាញាណភ្លឺត្រចះត្រចង់ កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យទទួលបាននូវ ជ័យជំនៈដ៍ត្រចះត្រចង់ថ្មីៗធំធេងថែមទៀត ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីសប្បុរសជនក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត ទុរគតជន ជនចាស់ ជរាគ្មានទីពឹង កុមារកំព្រា ជនគរថ្លង់ ជនពិការ យុទ្ធជនរបួស និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ឆ្លៀតក្នុងឱកាសដ៍មង្គលលាភិរម្យប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ សូមជួនពរលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរដ៍ប្រសើរថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕