លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-វៀតណាម
នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ដែលបានទទួលនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ចំពោះរូបលោកនិងគណៈប្រតិភូក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការឈានទៅ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។
ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់លោក អញ្ជើញទៅចូលរួមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។
លោកនាយករដ្ឋមន្រ្តីវៀតណាម បានបន្តថា យើងពិតជាមានការរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ លោកបានបន្ថែមថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុងការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយគ្នា។ លោក ក៏បានអបអរសាទរចំពោះលោក ហ៊ុន សែន ដែលបានជាប់ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម ជាប្រទេសទីពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ៕