ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ពាលស៊ីពាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 43
ទស្សនៈមិត្តអ្នកអាន៖ ពាលស៊ីពាល ទស្សនៈមិត្តអ្នកអាន៖ ពាលស៊ីពាល

ព្រឹត្តិការណ៍ប្រជុំគ្នារបស់ក្រុមទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក ត្រូវបានមតិជាតិ និងអន្តរជាតិវាយតម្លៃថា គឺជាល្បិចពាលស៊ីពាល យ៉ាងពិតប្រាកដ។ ពាលស៊ីពាល នៅត្រង់ថា គំនុំដែលក្រុម សម រង្ស៊ី គុំទុកជាយូរមកហើយចំពោះក្រុម កឹម សុខា ដែលធ្លាប់ប្រើល្បិចកល ៣អាសនៈ មកលេបត្របាក់ក្រុម សម រង្ស៊ី ២៦អាសនៈ ត្រូវបានក្រុមនេះរៀបចំដណ្តើមមកវិញ ទាំងកំរោល និងគ្មានញញើត បើទោះបីជាដឹងថាភ្នែកអ្នកផង និង ចៅហ្វាយបរទេសដែលធ្លាប់ផ្សំផ្គុំក្រុមទាំងពីរ មើលមកមិនសមភ្នែកក្តី។

សកម្មភាព ពាលស៊ីពាលនេះ គឺនៅត្រង់ថា អ្នកចូលរួមកិច្ចប្រជុំដ៏រយីករយាកនោះមានអ្នកចូលរួមប្រមាណរយនាក់ដែលជាដៃឆ្វេងស្តាំបំរើក្រោមក្លៀកទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ គេមិនបានឃើញសមាសភាពក្រុមនិយម កឹម សុខា មកចូលរួមនោះទេ។ ម្យ៉ាងទៀត អ្វីដែលក្រុមពាល និយម សម រង្សី សម្រេចនៅពេលនេះ គឺពួកគេមិនខ្វល់ពីភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវ តាមលក្ខខណ្ឌផ្ទៃក្នុងដែលពួកគេធ្លាប់បានព្រមព្រៀង ជាមួយគ្នានៅមុនពេលរកស៊ីចូលហ៊ុនគ្នានោះទេ។ អាចនិយាយបានថា ដើម្បីដណ្តើមអំណាចគ្រប់គ្រងក្រុមខ្លួនមកវិញ ជនពាល សម រង្ស៊ី លែងខ្វល់ពីគុណធម៌ និងកិត្តិយសអ្វីទាំងអស់ និងបានបញ្ជាឱ្យក្រុមរបស់ខ្លួនបំពានលក្ខន្តិកៈផ្ទៃក្នុងដែលបានត្រូវរ៉ូវគ្នាពីមុន ដើម្បីតែមហិច្ឆិតាអំណាចបុគ្គលតែប៉ុណ្ណោះ។ បើទោះបីជាមានសេចក្តីថ្លែងការណ៍ជំទាស់ពីខាងក្រុមពាលនិយម កឹម សុខា យ៉ាងណាក្តី ក៏ក្រុមពាលនិយម សម រង្ស៊ី ធ្វើមិនដឹងមិនឮ និងជម្នះឱ្យមេជនពាល សម រង្ស៊ី ឡើងធ្វើជាប្រធានស្តីទី ដោយឥតអៀនខ្មាស់ ហើយពួកគេបានយកលេសលើកឡើងថា «គិតប្រយោជន៍ជាតិជាធំ ជាជាងលក្ខន្តិកៈបក្ស» Sic! ។

តាមពិតគោលដៅចម្បងរបស់ក្រុមពាល សម រង្ស៊ី គឺ៖
ទី១៖សងសឹកក្រុមពាល កឹម សុខា ដែលខ្លួនចាត់ទុកថាធ្លាប់ចាញ់បោកអស់ជាច្រើនឆ្នាំនិងចាញ់អស់ពីខ្លួន ហើយក្រុមពាល សម រង្ស៊ី នឹងហ៊ានប្រកាសចែកផ្លូវគ្នាដើរសារជាថ្មី ពីក្រុមពាល កឹម សុខា នាពេលឆាប់ៗខាងមុខនេះ បើក្រុមពាល កឹម សុខា នៅតែមិនព្រមមករណបមេក្រុមពាល សម រង្ស៊ី ទេនោះ។
ទី២៖ដោយសារមហិច្ឆតាអំណាច មេក្រុមពាល សម រង្ស៊ី ក៏កើតជម្ងឺសតិអារម្មណ៍ ដេកមិនលក់ បក់មិនល្ហើយ ដូច្នេះ ទោះជាត្រូវបាត់បង់អ្វីក៏បាត់បង់ទៅចុះសូម្បីអ្នកគាំទ្រ ឬបាត់បង់ទាំងឧត្តមគតិជាតិទាំងមូលក៏មិនខ្វល់ដែរ ឱ្យតែបានអំណាចមកវិញ ដើម្បីបានស្ងប់អារម្មណ៍មុនពេលចាស់ស្លាប់។
ទី៣៖ក្រុមពាល សម រង្ស៊ី កើតក្តីស្រមើស្រមៃក្នុងការដណ្តើមអំណាច និងឥទ្ធិពលពីក្រុមពាល កឹម សុខា មកវិញដោយសង្ឃឹមថាខ្លួនអាចមានឱកាសស្តារខ្មោចបក្សចាស់របស់ខ្លួនមកវិញ។ ប៉ុន្តែជនពាល សម រង្ស៊ី ដែលមោបាំងដោយសារការស្រេកឃ្លានអំណាចខ្លាំងពេកនោះ ភ្លេចគិតថា អំពើរបស់ខ្លួននឹងបំផ្លាញអ្វីគ្រប់យ៉ាង ដែលក្រុមខ្លួននៅសេសសល់នាដំណាក់កាលចុងក្រោយនេះទាំងស្រុងទៅវិញទេ។
និងទី៤ ៖ ដោយសារមេក្រុមពាល សម រង្ស៊ី គឺជាអ្នកនយោបាយអសមត្ថភាព និងខ្វះយុទ្ធសាស្ត្រ ដែលនៅតែជឿលើក្រុមដៃឆ្វេងស្តាំមួយដំបរស្វាដែលនៅកៀកខ្លួនមានដូចជា អេង ឆៃអ៊ាង ដែលជាស្តេចល្បែងប្រចាំក្រុម និង មួរ សុខហួរ អ្នកនយោបាយមុជមិនជ្រៅទៅមិនឆ្ងាយជាដើមនោះ ដែលតែងតែផ្លុំត្រចៀកធ្វើឱ្យក្រុមខ្លួនមានកំហុស និងត្រូវបរាជ័យជាញយដងរួចមកហើយនោះ នៅតែព្យាយាមរុញឲ្យមេក្រុមខ្លួនធ្លាក់រណ្តៅថែមទៀត។

ជាក់ស្តែង ក្រុមមនុស្សជំនិតរបស់ក្រុមពាល កឹម សុខា បានអះអាងថា ការសម្រេចឱ្យមេក្រុមពាល សម រង្ស៉ី ធ្វើជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ គឺផ្ទុយពីលក្ខន្តិកៈទាំងស្រុង។ ក្រុមនេះ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចបែបនេះ។ ក្រុម កឹម សុខា ក៏បានចាត់ទុកការសម្រេចបែបនេះគឺខុសទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់ខ្មោចគណបក្សនេះ ដែលដាក់ទៅក្រសួងមហាផ្ទៃផងដែរ។ ដើម្បីបង្ហាញសាធារណៈមតិឱ្យមើលឃើញកាន់តែច្បាស់ ក្រុមពាលនិយម កឹម សុខា បានបញ្ជាក់អំពីមូលហេតុ៣ចំណុច ដែលធ្វើឱ្យការតែងតាំងមេក្រុមពាល សម រង្ស៉ី នេះខុសនឹងលក្ខន្តិកៈ ក្នុងនោះរួមមានដូចតទៅ៖
ទី១៖ អ្នកចូលរួមធ្វើសេចក្តីមស្រេចក្នុងសន្និសីទនោះ មិនមាននីតិសម្បទាដែលមានសិទ្ធិស្នើ ឬ ជ្រើសតាំងប្រធានស្តីទីខ្មោចគណបក្ស ស្របតាមលក្ខន្តិកៈខ្មោចគណបក្សនេះនោះទេ។
ទី២៖ យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីទីខ្មោចគណបក្សបាន លុះត្រាតែអវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណាដែលសមាជគណបក្សមិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបានឡើយ។
ទី៣៖ ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ។

ការប្រតិកម្មយ៉ាងចាស់ដៃរបស់ក្រុមពាលនិយម កឹម សុខា វិញនេះ គឺពួកគេបានចាត់ទុកព្រឹត្តិការណ៍សន្និសីទនៅក្រុងអាត្លង់តា ដែលសម្រេចឱ្យមេក្រុមពាល សម រង្ស៊ី ឡើងធ្វើជាប្រធានស្តីទីនោះគឺជាការចាកចេញ និងបោះបង់ចោលក្រុមហ៊ុនដែលធ្លាប់រកស៊ីជុំគ្នាពីមុនជាចំហយ៉ាងច្បាស់ក្រឡែត។

ដូច្នេះ នៅពេលនេះនរណាក៏អាចមើលឃើញ និងយល់យ៉ាងច្បាស់ថា ទឹក និងប្រេង គឺមិនអាចរលាយចូលគ្នាបានឡើយ ឬអាចនិយាយបានមួយបែបទៀតថា វិបត្តិផ្ទៃក្នុងរបស់ក្រុមប្រឆាំងនៅពេលនេះគឺជាចរិត «ពាលស៊ីពាល» យ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ សួនចំរើន

អត្ថបទទាក់ទង