ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការក្រោមវត្តមាន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកស្រី Audrey AZOULAY អគ្គនាយិកាយូណេស្កូ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌បារាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ អ្នកជំនាញជាតិជាតិ-អន្ដរជាតិ និងអ្នកសារព័ត៌មានប្រមាណជាង ៦០០នាក់។

មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកស្រីAudrey AZOULAY អគ្គនាយិកាយូណេស្កូ លោក Manabu MIYAGAWA អនុរដ្ឋមន្រ្ដី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង តំណាងក្រសួងវប្បធម៌បារាំង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន សហប្រធាននៃ អាយស៊ីស៊ី-អង្គរ និងគណៈប្រតិភូមួយចំនួនទៀត។

ការចូលរួមរបស់គណៈប្រតិភូទាំងអស់ បង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងរឹងមាំ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។ គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ គឺជាយន្តការអន្ដរជាតិដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្ដរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ។

ក្នុងដំណើរការរបស់ខ្លួន គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣១ដង និងកិច្ចប្រជុំពេញអង្គចំនួន ២៥ដងរួចមកហើយ ហើយដែលថវិការាប់រយលានដុល្លារត្រូវបានប្រើប្រាស់ និងអ្នកជំនាញបច្ចេកទេសជាតិរាប់រយនាក់ បានទទួលការបណ្ដុះបណ្តាល និងបន្ដវេនយ៉ាងរឹងមាំ ដើម្បីធានានូវការអភិរក្សប្រកបដោយចីរភាពនៃតំបន់អង្គរ។

ជាសក្សីភាពនៃការជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងវិស័យបេតិកភណ្ឌវប្បធម៌ លោកស្រី Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានប្រគល់វិញ្ញាបនបត្រការចុះបញ្ជីលោ្ខនខោល វត្តស្វាយអណ្ដែត ជាតំណាងល្ខោនខោលនៃកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទីក្រុងព័រល្វី នៃសាធារណរដ្ឋ ម៉ូរីស ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនេះជាមោទនភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជាទាំងមូល។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបំពាក់មេដាយនិមិត្តរូបជូនឥស្សរជនអន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកចិត្តក្នុងបុព្វហេតុអភរិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

ជាមួយនឹងទស្សនទាន និងការចែករំលែកបទពិសោធន៍ជាច្រើន ដែលកម្ពុជាឆ្លងកាត់នាអតីតកាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញអំពីការតាំងចិត្ត និងសុឆន្ទៈដ៏មោះមុត និងត្រៀមខ្លួនចូលរួមជានិច្ចជាមួយរាល់ដៃគូសហប្រតិបត្តិការអន្ដរជាតិទាំងអស់ ក្នុងការថែរក្សាមរតកដូនតាដែលជាមរតកមនុស្សជាតិ។ ក្នុងការងារនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើយ៉ាងណាលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស និងសិ្ថតស្ថេរជានិរន្ត។

ចុងបញ្ចប់នៃកម្មវិធី គណៈប្រតិភូក៏អញ្ជើញទស្សនាស្ដង់ពិព័រណ៍រូបភាពជុំវិញសមិទ្ធផល២៥ឆ្នាំ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដែលបានរៀបចំនៅមុខបន្ទប់ប្រជុំផងដែរ៕

 

អត្ថបទទាក់ទង