ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា តាំងបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗដែល អាយស៊ីស៊ី អង្គរ សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
អាជ្ញាធរជាតិអប្សរា តាំងបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗដែល អាយស៊ីស៊ី អង្គរ សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា តាំងបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗដែល អាយស៊ីស៊ី អង្គរ សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសួនច្បារជិតព្រះអង្គចេកព្រះអង្គចម បានបើកពិព័រណ៍រូបភាព ដាក់តាំងបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី អង្គរ (ICC Angkor) ជាពិសេសលើការងារជួសជុល និងអភិរក្សរមណីយដ្ឋានអង្គររយៈពេល ២៥ឆ្នាំ។ ការដាក់តាំងបង្ហាញពីសកម្មភាព និងសមិទ្ធផលសំ ខាន់ៗនេះ ធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័រណ៍រូបភាពបង្ហាញពីសកម្មភាព និងសមិទ្ធផលសំខាន់ៗនេះ ធ្វើឡើងក្នុងគោលបំណង អបអរសាទរ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយ ដ្ឋានអង្គរ ហៅកាត់ថា ICC Angkor ក្នុងរយៈពេល២៥ឆ្នាំ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៨នេះ។ ការតាំងបង្ហាញនេះ គឺគោលបំណងឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានឃើញថា ក្រុមការងារគណៈកម្មាធិការ ICC Angkor ក្នុងរយៈពេល២៥ឆ្នាំមកនេះ បានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា ICC Angkor នៅថ្ងៃទី៤–៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងអគ្គនាយិកាអង្គការយូណេស្កូ រួមជាមួយអ្នកជំនាញ​អន្តរជាតិជាច្រើនផងដែរ។ ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនេះ គឺដើម្បីបង្ហាញពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្បូរបែបទៅដោយវប្បធម៌ និងមាន​ប្រវត្តិសាស្រ្តយូរលង់មកហើយ និងដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ ចូលរួមថែរក្សាបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់ខ្មែរឱ្យបានគង់វង្ស៕

 

អត្ថបទទាក់ទង