រដ្ឋសភា និងរាជរដ្ឋាភិបាលផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបប្រជុំពិភាក្សាគ្នានៅវិមានរដ្ឋសភា ដើម្បី ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលទទួលបន្ទុកពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់នេះ ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមាន លោក ទី សុគន្ធ តំណាង សមាជិកគណៈកម្មការ ព្រមទាំងមានតំណាងមកពីគណៈកម្មការជំនាញ ផ្សេងៗទាំងអស់នៃរដ្ឋសភា បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ចំណែក តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ និងសហការី។
លោក អង្គវង្ស វឌ្ឍានា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោ បាយជាតិមួយគឺយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលក្នុងនោះការ ងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងចាំបាច់បំផុតបន្ថែមលើភារកិច្ចស្នូលរបស់ក្រសួងយុត្តិធម៌ ហើយក៏ស្ថិត នៅក្នុងវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការធានាដល់ការអភិវឌ្ឍជាតិនៅក្នុងនីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការ ជំនាញនៃរដ្ឋសភា អំពីសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រ កម្ពុជា និងសហព័ន្ធរុស្ស៊ី ថាសន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដែលមានគោល បំណងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើសឱ្យមានប្រសិទ្ធភាពរវាងគូភាគី។
ជាពិសេសវាមានអត្ថប្រយោជន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដ៏មាន ប្រសិទ្ធិភាពរវាងប្រទេសទាំងពីរ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើ មូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ ទាំងសងខាង។ ជារួមកិច្ចព្រមព្រៀងបត្យាប័នបានកំណត់ឱ្យភាគីនីមួយៗ មានភារកិច្ចធ្វើបត្យាប័នទៅភាគីម្ខាងទៀតនូវជនទាំងឡាយណា ដែលត្រូវបានរកឃើញនៅលើទឹកដីនៃភាគីណាមួយ ហើយកំពុងត្រូវគេតាម ចាប់ខ្លួនដើម្បីធ្វើការចោទប្រកាន់ធ្វើការជំនុំជម្រះក្តី ឬអនុវត្តទណ្ឌកម្ម តាម ទោសកំណត់នៅលើទឹកដីរបស់ភាគីម្ខាងទៀតចំពោះបទល្មើសណាមួយ។ លោកបញ្ជាក់ថា សន្ធិសញ្ញាស្ដីពីបត្យាប័ននេះមាន២០មាត្រា។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានសម្តែងការគំាទ្រចំពោះសេចក្តីព្រាងច្បាប់នេះដោយបានលើកឡើងថា សេចក្តីព្រាងច្បាប់ខាងលើពិតជាមានសារៈសំខាន់ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមកសមភាពនិងផលប្រយោជន៍ទាំងសងខាង។ លោកបានមានប្រសាសន៍ទៀតថា កិច្ច ព្រមព្រៀងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម ការជួញដូរអាវុធ និងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ, ការ ប្រឆាំងបទល្មើសក្នុងវិស័យព័ត៌មានវិទ្យា និងការប្រឆាំងអំពើពុករលួយ។
ម៉្យាងទៀតដើម្បីឆ្លើយតប ទៅនឹងការជឿនលឿននៃវិទ្យាសាស្រ្ត ចាំបាច់ ត្រូវពង្រឹង និងបង្កើតរាល់លិខិតបទដ្ឋាន គតិយុត្តដោយផ្តោតសំខាន់ទៅ លើច្បាប់។ ក្រោយកិច្ចប្រជុំពិភាក្សាគ្រប់ជ្រុងជ្រោយរួចមក គណៈកម្មការ នៃរដ្ឋសភាបានឯកភាពសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះជូន គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ធ្វើការពិនិត្យដាក់បញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មាន៣មាត្រា ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ធ្លាប់បានលើកយក មកប្រជុំផ្ទៃក្នុងគណៈកម្មការម្តងរួចមកហើយកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក៕