ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយវិនិយោគក្របខ័ណ្ឌសកលលោក និងតំបន់ដើម្បីទាក់ទាញវិនិយោគិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយវិនិយោគក្របខ័ណ្ឌសកលលោក និងតំបន់ដូចជា ASEAN Comprehensive Investment Agreement (ACIA), ជំពូកស្ដីពីវិនិយោគនៅក្នុង ASEAN Free Trade Agreement និង RCEP។ តាមរយៈបទពិសោធន៍ និងមេរៀនថ្មីៗដែលទទួលបាន កម្ពុជាបានរៀបចំគោលនយោបាយលើកទឹកចិត្ត ដែលមានភាពប្រទាក់ក្រឡា និងបើកទូលាយ ជាពិសេសតាមរយៈការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញវិនិយោគិន។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីស្ដីពី «ការរៀបចំគោលនយោបាយវិនិយោគសកលក្នុងសតវត្សទី២១» ដែលរៀបចំឡើងក្នុងអំឡុងពេលនៃវេទិកាវិនិយោគពិភពលោក ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រី-អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន១៦។

នៅក្នុងសេចក្ដីផ្ដើមវេទិកា លោក មូគីសា គីទូយី អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ បានសង្ខេបជូនអំពីសាវតា និងបញ្ហាមួយចំនួនទាក់ទងនឹងគោលនយោបាយវិនិយោគសកលលោក ក្នុងពេលបច្ចុប្បន្ន ជាពិសេសការផ្លាស់ប្ដូរនិន្នាការវិនិយោគ និងពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលំហូរវិនិយោគដោយផ្ទាល់ពីបរទេស។ គោលបំណងនៃវេទិកាតុមូលនេះគឺ៖

១. ពិភាក្សាលើដំណោះស្រាយ ដើម្បីទាញយកការវិនិយោគបន្ថែម ដែលជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅ SDG
២. ទាញយកផលប្រយោជន៍ពីបដិវដ្តឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍដោយចីរភាព
៣. កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលជាលទ្ធផលនៃគោលនយោបាយគាំពារនិយម។

ឆ្លើយបតទៅនឹងប្រធានបទដែលលើកឡើង លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្ដល់នូវបទអន្តរាគមន៍ ដោយបានលើកឡើងថា តាមការវិភាគរបស់ UNCTAD ឃើញថាលំហូរ FDI នៅលើពិភពលោកបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧ សម្រាប់កម្ពុជា លំហូរ FDI បានកើនឡើង ១២% ពី ២,៤៧ ប៊ីលាន ទៅ ២,៧៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលទទួលបានតាមរយៈការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងកម្មន្តសាលមិនមែនវាយនភ័ណ្ឌ។ លោករដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានកំណត់រួចជាស្រេចនូវគោលនយោបាយទាក់ទាញការវិនិយោគ ដើម្បីគាំទ្រការអភិវឌ្ឍដោយចីរភាពរួមមាន៖

១. គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥
២. ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់សម្របសម្រួល ដែលគាំទ្រ និងការពារការវិនិយោគបរទេស
៣. ប្រែក្លាយពលកម្មពីពលកម្មមិនមានជំនាញ មកជាពលកម្មមានជំនាញ។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កម្ពុជាក៏បានធ្វើសមាហរណកម្មក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ ដោយផ្ដោតលើការបង្កើតរោងចក្រ និងទទួលបានផលប្រយោជន៍ពីមូលដ្ឋានផលិតកម្មធំៗក្នុងតំបន់ សំដៅការអភិវឌ្ឍសមត្ថភាពតាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ លោករដ្ឋមន្រ្តី បានបន្តថាកម្ពុជាបានរៀបចំផែនការជាក់លាក់ក្នុងការសម្រេចបាននូវគោលដៅ SDGs របស់ខ្លួន ដោយផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព៕

អត្ថបទទាក់ទង