ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រៀមចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួមក្នុងខែតុលា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
កម្ពុជាត្រៀមចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួមក្នុងខែតុលា ឆ្នាំ២០២១ កម្ពុជាត្រៀមចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួមក្នុងខែតុលា ឆ្នាំ២០២១

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជាត្រៀមបានលក្ខណៈ​រៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នាអំឡុងខែតុលា ឆ្នាំ២០២១​ខាងមុខនេះ ដែលជាការតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសហភាពអារ៉ាប់រួម។ នេះ បើយោងតាមការផ្សាយលើផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការអន្តរក្រសួង តំណាងក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ក្រុមជនបង្គោលតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីលេខាធិ​ការដ្ឋានសរុបចំនួន៤០រូប។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រាប ពីស្ថានភាពប្រែប្រួលនៃសមាស ភាពសមាជិកគណៈកម្មការអន្តរក្រសួងក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី និងការងារប្រតិបត្តិ មួយចំនួនរបស់គណៈកម្មការ ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩ ហើយគោល​បំណង​នៃកិច្ចប្រជុំ គឺដើម្បីរាយការណ៍ជូនសមាជិកគណៈកម្មការអន្តរក្រសួងពីវឌ្ឍនភាពការងារ ដែលបានអនុវត្តន៍ ចាប់តាំងពីកម្ពុជាបានបញ្ជាក់ពីការចូលរួមក្នុងពិព័រណ៍ពិភពលោក ឌុយបៃ ២០២០ កាលពីឆ្នាំ២០១៦កន្លងមក រហូតមកដល់បច្ចុប្បន្ន ពិនិត្យ និងអនុម័តលើគំរូ ប្លង់ពន្លាជាតិ និងជ្រើសរើសក្រុមហ៊ុនទទួលសេវាតុបតែងពន្លាជាតិកម្ពុជាក្នុងពិព័រណ៍ពិភព លោកឌុយបៃ។

គួរបញ្ជាក់ដែរថា ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានលើកពេលរៀបចំ មួយឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកាលបរិច្ឆេទថ្មីនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ហើយកាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មាន​ប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត២០០ប្រទេស។ តាមការរំពឹងទុក ពិព័រណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២៥ លាននាក់ ក្នុងនេះ ៧០ភាគរយ មក​ពីបរទេស។ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំ ៣៨៤.៥​ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា គណៈ ​កម្មការនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូលសម័យ កាលចំនួន ៤ គឺ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក ឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិ ប្រព័ន្ធ Ecosystem និងវិស័យកសិកម្ម ដែលនឹងធ្វើឱ្យពន្លាជាតិមានភាពលេចធ្លោ ស្របតាមប្រធានបទដែលបានជ្រើសរើសគឺ “ចីរភាព Sustainability”។

ជាមួយគ្នានេះ គណៈកម្មការក៏បានសម្រេចជ្រើសរើសយក ក្រុមហ៊ុន PICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុង​ពិព័រណ៍​​ពិភពលោកឌុយបៃនេះផងដែរ៕ AKP

អត្ថបទទាក់ទង