ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ជាអ្នកបញ្ចប់កិច្ចសន្ទនានយោបាយដោយខ្លួនឯង មិនមែនគណបក្សកាន់អំណាច ជាអ្នកបញ្ចប់នោះទេ
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ជាអ្នកបញ្ចប់កិច្ចសន្ទនានយោបាយជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយខ្លួនឯង មិនមែនគណបក្សកាន់អំណាច ជាអ្នកបញ្ចប់នោះទេ សូមស្រាវជ្រាវពីអតីតកាលឲ្យបានច្បាស់សិន។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងការបរទេសបារាំង និងលោកស្រី Eva Nguyen-Binh ឯកអគ្គរដ្ឋទូបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការគណៈកម្មាធិការសិទ្ធិកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹករក្សាកិច្ចសន្យាជាមួយទណ្ឌិត សម រង្ស៊ី ដែលកាលនោះ ជាអតីតប្រធានគណបក្សប្រឆាំង ប៉ុន្តែទណ្ឌិត សម រង្ស៊ី ខ្លួនឯងទេ ជាអ្នកមានចិត្តមិនល្អ មិនស្មោះត្រង់ ជាមួយកិច្ចសន្ទនានោះទៅវិញ។ សម្តេចតេជោធ្លាប់កាន់ដៃគ្នាជាមួយទណ្ឌិត សម រង្ស៊ី ទៅអង្គរសង្រ្កាន្តខត្តសៀមរាប ព្រមទាំងការបរិភោគអាហារជុំគ្នា រវាងក្រុមគ្រួសារសម្តេចតេជោ និងក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី កន្លងមក»។
ឯកឧត្តម កែវ រ៉េមី បានបន្តថា «សូមភាគីបារាំងក្រឡេកទៅមើលអតីតកាលផង កាលណោះទណ្ឌិត សម រង្ស៊ី ជាអតីតប្រធានសភាគតិច មានតួនាទីស្មើនាយករដ្ឋមន្ត្រី នេះក៏ដោយសារតែមានកិច្ចសន្ទនាគ្នា ប៉ុន្តែក្នុងខណៈស្ថានការណ៍កំពុងតែល្អ បែរជាទណ្ឌិត សម រង្ស៊ី ចេញទៅក្រៅប្រទេស ផ្តល់បទសម្ភាសន៍ ជាមួយកាសែតបរទេសថា ចង់ចាប់ខ្លាទាល់តែចូលរូងខ្លា ដូច្នេះមានន័យថា ការចូលមកសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន គឺចង់ចាប់សម្តេចមែនទេ?»។
ប្រធានគណៈកម្មាឌិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា ទណ្ឌិត សម រង្ស៊ី ចូលមកសន្ទនានេះ មិនមែនមានចិត្តចង់រកសន្តិភាពជូនជាតិមាតុភូមិ ស្ថិរភាព បន្តការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះទេ គឺទណ្ឌិត សម រង្ស៊ី បានរៀបចំឧបាយកលអាក្រក់។ មិនតែប៉ុណ្ណោះធ្លាប់ សម្ភាសន៍ជាមួយសារព័ត៌មានបទេសថា បាយដែលគាត់ហូបជាមួយក្រុមគ្រួសារសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារតែលោកនាយករដ្ឋមន្ត្រី ខ្លាចចាញ់ឆ្នោត ដូច្នេះហើយបានរៀបចំពិធីនេះតែម្តងទៅ៕