លោក សាយ សំអាល់ ថ្លែងថា ការលើកកម្ពស់ប្រសិទ្ធភាពថាមពលគឺជាកត្តាចម្បងមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានចាត់ទុកថា ការលើកកម្ពស់ប្រសិទ្ធភាពថាមពល គឺជាកត្តាចម្បងមួយដែលអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបញ្ចេញកាបូនក្នុងកម្រិតទាបនៅកម្ពុជា។ លោកបានថ្លែងដូចនេះ នៅក្នុងពិធីបើក «សន្និសីទស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា៖ ជំហានគន្លឹះឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដោយចីរភាព» នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ រាជធានីភ្នំពេញ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយរដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី និងជាប្រធានក.ជ.អ.ច. បានស្នើបង្កើនការអប់រំផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ថាមពលទាំងអស់ ទាំងនៅកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូល ក្នុងន័យផ្លាស់ប្តូរឥរិយាបថឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍បានច្រើនជាងមុន។ លោកបានបញ្ជាក់ថា ការបង្កើនប្រសិទ្ធភាពថាមពលមិនមែនមានន័យថាត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍ បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច ឬកាត់បន្ថយគុណភាពជីវិតរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ វាជាកត្តាដ៏ចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ដែលជាមាគ៌ា «ឈ្នះ-ឈ្នះ» សម្រាប់យើងទាំងអស់គ្នា៖ ឈ្នះសម្រាប់អ្នកប្រើប្រាស់ ឈ្នះសម្រាប់ធុរកិច្ចនិងអ្នកវិនិយោគ ឈ្នះសម្រាប់បរិស្ថាន ឈ្នះសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងឈ្នះសម្រាប់សន្តិសុខថាមពល។
ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា លោកស្រី ម៉ារៀ សាហ្រ្កេន ក៏បានឱ្យដឹងថាប្រសិទ្ធភាពថាមពល គឺមានសារសំខាន់ណាស់សម្រាប់ឆ្លើយតបនឹងទិសដៅរបស់កម្ពុជាដើម្បីសម្រេចបានកំណើនប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលស៊ុយអែត ក្នុងអំឡុង ៣០ឆ្នាំចុងក្រោយនេះ បានធ្វើការកែលម្អយ៉ាងខ្លាំងទាំងការលើកកម្ពស់ថាមពលកកើតឡើងវិញ និងកែលម្អប្រសិទ្ធភាពថាមពល ក្នុងខណៈដែលត្រូវសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច។
លោក នីក ប៊ែរេសហ្វត នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានគូសបញ្ជាក់ពីកិច្ចគាំទ្ររបស់UNDPចំពោះរាជរដ្ឋាភិបាល ថាUNDPកន្លងមកបានធ្វើការជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០១២ ក្រោមគម្រោងឈ្មោះ ថាមពលចីរភាពសម្រាប់ទាំងអស់គ្នា (Sustainable Energy for ALL: SE4ALL) ដើម្បីគាំទ្រអាទិភាពរបស់រាជរដ្ឋាភិបាលទៅលើការទទួលបានថាមពល ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ហើយបច្ចុបន្បន្នក៏កំពុងធ្វើការជាមួយក.ជ.អ.ច. ដើម្បីគាំទ្រវិស័យថាមពលនិងឧស្សាហកម្មក្នុងការលើកកម្ពស់វិធានការថាមពលឆ្លើយតបនឹងអាកាសធាតុដោយរួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ។
សិក្ខាកាមសរុបប្រមាណ១៥២នាក់ ក្នុងនោះស្រ្តី៣៦នាក់ ជាវាគ្មិនជាតិ និងអន្តរជាតិ និងតំណាងក្រសួងស្ថានប័នរដ្ឋ ស្ថាប័នសិក្សា ស្រាវជ្រាវ វិស័យឯកជន សង្គមស៊ីវិល បានពិភាក្សាអំពីការអនុវត្តល្អៗ និងឧបករណ៍នានាដែលជំរុញគំនិតផ្តួចផ្តើមនាំឱ្យមានប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា និងបង្កើនល្បឿននៃការផ្លាស់ប្តូររបស់កម្ពុជាទៅរកគំរូនៃការអភិវឌ្ឍនានាសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕