ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅការចោទថាការបោះឆ្នោតមិនត្រឹមត្រូវនិងរដ្ឋាភិបាលគ្មានគេទទួលស្គាល់នោះ គឺជាការភូតកុហកបោកប្រាស់សាធារណមតិអន្តរជាតិ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 13

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនសារទៅកាន់អ្នកដែលបានលើកឡើងថា ការបោះឆ្នោតមិនត្រឹមត្រូវ រដ្ឋាភិបាលនេះគ្មានប្រទេសណាគេទទួលស្គាល់នោះទេថា ជាការភូតកុហកបោកប្រាស់សាធារណមតិជាតិនិងអន្តរជាតិ។ លោកបានបន្តថា ជាង៥០ប្រទេសដែលមកប្រជុំនៅទីនេះ បានប្រគល់តួនាទី និងទទួលការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទៅប្រជុំនៅទីក្រុងភ្នំពេញនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ២០២០ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា ជាការអញ្ជើញផ្លូវការក្នុងនាមរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានថ្លែងដូចនេះនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ក្នុងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនចង់ឱ្យក្រុមប្រឆាំងបោកប្រាស់កូនខ្មែរ រាប់ទាំងសមាជិករបស់គេផង ព្រោះលោកចង់ឱ្យអ្នកទាំងអស់មានការចេះដឹង ពីអ្វីទៅដែលហៅថាទំនាក់ទំនងអន្តរជាតិ។ លោកបានបន្តថា កម្ពុជាមានកិច្ចព្រមព្រៀងការទូតជាមួយបណ្តាប្រទេសជាច្រើន មានស្ថានទូត និងមានស្ថានតំណាងផងដែរ។ ប្រសិនបើបង្កើតរដ្ឋាភិបាលរួចហើយ ស្ថានទូតនានាដកទូត ផ្តាច់ទំនាក់ទំនងការទូតនោះទើបហៅថា គេមិនទទួលស្គាល់៕

អត្ថបទទាក់ទង