ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាបើកទ្វាររង់ចាំសហការជាមួយធុរជនសហរដ្ឋអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ប្រាប់គណៈប្រតិភូធុរជនសហរដ្ឋអាមេរិកថា កម្ពុជាបានបើកទ្វាររង់ចាំសហការជានិច្ចជាមួយធុរជនសហរដ្ឋអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រី បានថ្លែងដួចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក ដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាភិបាល ម៉ៃឃើល ផូស្នឺ (Michael Posner) កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងបញ្ហាពាក់ព័ន្ធផេ្សងៗទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពន្យល់ធុរជនអាមេរិក អំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការទំនិញរបស់កម្ពុជា ទៅកាន់គ្រប់ទីផ្សារអន្តរជាតិ ព្រមទាំងវិធានការចាំបាច់ចំពោះមុខមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងត្រៀមអនុវត្តន៍ សំដៅនាំមកនូវភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសសហគមន៍ធរុកិច្ច និងវិនិយោគិនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

លើសពីនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនធុរជនអាមេរិក អំពីការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះបេសកកម្មស្វែងរកការពិតរបស់ប្រតិភូគណៈកម្មការសហភាពអឺរ៉ុប កាលពីកំឡុងខែកក្កដា និងបទអន្តរាគមន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ចំពោះកង្វល់មួយចំនួនដែលសហភាពអឺរ៉ុបបានទាមទារ។

ជាការឆ្លើយតប លោក ម៉ៃឃើល ផូស្នឺ ប្រធានក្រុមប្រឹក្សានៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទងនឹងចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម និងបទអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស និងរក្សាចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នាំចេញនៅក្នុងតំបន់ និងពិភពលោកផងដែរ៕

អត្ថបទទាក់ទង