ខ្មែរប៉ុស្ដិ៍ Close

ចិន​បដិសេធ​ថា គ្មាន​ចង់​ផ្តួល​​អាមេរិក ដើម្បី​ក្លាយ​ជា​​មហាអំណាច​ពិភពលោកនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
ចិន​បដិសេធ​ថា គ្មាន​ចង់​ផ្តួល​​អាមេរិក ដើម្បី​ក្លាយ​ជា​​មហាអំណាច​ពិភពលោកនោះទេ ចិន​បដិសេធ​ថា គ្មាន​ចង់​ផ្តួល​​អាមេរិក ដើម្បី​ក្លាយ​ជា​​មហាអំណាច​ពិភពលោកនោះទេ

គំនិតភ័យខ្លាច​ដែល​ថា ចិន​ព្យាយាម​ដណ្តើម​កន្លែង​របស់​អាមេរិក នៅក្នុង​ឆាក​អន្តរជាតិនោះ គឺ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន។ នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការបរទេស​ចិន លោក​វ៉ាង យី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស ដែល​រៀបចំ​ធ្វើឡើង នៅក្រៅ​ក្របខ័ណ្ឌ មហាអង្គសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក។ ការបញ្ជាក់យ៉ាងដូច្នេះ របស់​រដ្ឋមន្រ្តីការបរទេស​ចិន​ធ្វើឡើង នៅក្នុង​កាលៈទេសៈ​ដែល​ទំនាក់ទំនង​រវាង​ចិន ជាមួយ​ប្រធានាធិបតី​អាមេរិក កំពុង ធ្លាក់ចុះ​អាក្រក់ ដោយសារ​តែ​សង្រ្គាមពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

និយាយ​ទៅកាន់​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស ដែល​ជា​ស្ថាប័ន​ប្រមូលផ្តុំ​អ្នកជំនាញ​យុទ្ធសាស្រ្ត​អាមេរិកាំង ប្រមុខការបរទេស​ចិន លោក​វ៉ាង យី បាន​និយាយ​ធានា នៅក្នុង​ន័យ​សម្របសម្រួល​ថា ចិន​នៅតែ​ចង់​ធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាងគ្នា។ រដ្ឋមន្រ្តីការបរទេស​ចិន​បាន​បដិសេធ ទាត់ចោល​ផងដែរ​គំនិត ដែល​ថា ចិន​ចង់​ដណ្តើម​កន្លែង​របស់​អាមេរិក នៅក្នុង​ឆាកអន្តរជាតិ។ សម្រាប់​លោក​វ៉ាង យី ការភ័យខ្លាច​ដែលថា ចិន​នឹង​ដណ្តើម​កន្លែង​របស់​អាមេរិក ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ។

រដ្ឋមន្រ្តី​ការបរទេស​ចិន​ចង់​និយាយ​យោង​ដល់ ការងារ​ស្រាវជ្រាវ​ថ្មីៗនេះ របស់​អ្នកជំនាញ​អាមេរិកាំង​មួយចំនួន ដែល​បាន​ទាញ​សេចក្តី​សន្និដ្ឋាន​ថា ប្រទេស​ចិន បាន​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន ដើម្បី ក្លាយ​ជា​ប្រទេស​អនុត្តរភាព នៅក្នុង​ពិភពលោក។ តាម​ប្រមុខការបរទេស​ចិន ដោយ​ប្រើ​វិធីសាស្រ្ត ប្រាកដនិយម បែប​លោកខាង​លិច ជនជាតិ​អាមេរិក​មួយចំនួន​ជឿថា ប្រទេស​ធំៗ សុទ្ធ​តែ​ចង់​បានអំណាច​ត្រួតត្រា គេឯង។ ដោយសារ​តែ​ការជឿ​ដូច្នេះ គេ​ក៏គិត​ដែរថា ចិន ចង់​ប្រជែង​ផ្តួល យក​កន្លែង​របស់​អាមេរិក ក្នុង​នាម​ជា​មេដឹកនាំ​ពិភពលោក។

សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​ចិន ការគិត​ស្មាន​ទុកមុន ដ៏​ខុសឆ្គង នេះ នឹង​បំផ្លាញ យ៉ាងខ្លាំង​ដល់​ប្រយោជន៍​របស់​អាមេរិក ហើយ​និង​ប្រទេសអាមេរិក ទៅ​ថ្ងៃ​អនាគត។ រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​ព្រមាន​ដែរថា គំនិតសង្ស័យ ចោទប្រកាន់​ចិន ដែល​កំពុង​តែ​រីកសាយភាយ និង​មានទំហំ​កាន់តែធំ នឹង​បង្ក​ជា​ឧបសគ្គ រំខាន​មិនឲ្យ​គេ​អាច​ដោះស្រាយ​ចំនុច​ដែល​ជា​បញ្ហា​ពិតប្រាកដ។

នៅពេល​ដែល​ទំនាក់ទំនង​ចិន និងអាមេរិក​កាន់តែ​ធ្លាក់​ចុះ​អាក្រក់ មិនថា ក្នុង​ផ្នែក​ពាណិជ្ជកម្ម និង​យោធា ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា លោក​ប្រហែល​ជា​លែង​ចុះ​សម្រុង​ជាមួយ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ទៀតហើយ។

នៅ​ថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​​ការបរទេស​ចិន​បាន​បដិសេធ​ផងដែរ ការចោទប្រកាន់​​របស់​អាមេរិក ដែល​ថា ចិន​បាន​លួច​បច្ចេកវិទ្យា​របស់​អាមេរិក ឬ​របស់​ក្រុមហ៊ុន​បរទេស។ តាម​លោក​វ៉ាង យី ចិន​មិនបាន ហើយ​ក៏​នឹង​មិន​លួចចម្លង​ប៉ាតង់​បរទេស​នោះដែរ។ មន្រ្តី​អាមេរិកាំង​បានចោទប្រកាន់​ចិនថា បាន​ចាប់​តម្រូវ​ឲ្យក្រុមហ៊ុន​បរទេស​ចែករំលែក​បច្ចេកវិទ្យា ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន បើសិន​ចង់​ធ្វើ​ជំនួញ​នៅប្រទេស​ចិន។ ការលួច​កម្មសិទ្ធិ​បញ្ញា និង​ការធ្វើ​ជំនួញ​មិន​ស្មោះត្រង់​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញចិន​នាំ​ចូល​អាមេរិក ក្នុង​ទំហំទឹកប្រាក់ ២០០ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ៕

ប្រភព៖ RFI