ខ្មែរប៉ុស្ដិ៍ Close

    អគ្គលេខាធិការ​ UN​ បញ្ជាក់ថា​ អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ​ ចំពោះកិច្ចសហប្រតិបត្តិការរវាង UN ជាមួយកម្ពុជា​

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3604
    អគ្គលេខាធិការ​ UN​ បញ្ជាក់ថា​ អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ​ ចំពោះកិច្ចសហប្រតិបត្តិការរវាង UN ជាមួយកម្ពុជា​អគ្គលេខាធិការ​ UN​ បញ្ជាក់ថា​ អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ​ ចំពោះកិច្ចសហប្រតិបត្តិការរវាង UN ជាមួយកម្ពុជា​

    នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

    នៅក្នុងជំនួបនេះ លេខាធិការ UN បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ​ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជា​ ក៏ដូចជារវាងអង្គការសហប្រជាជាតិនិងជាមួយអាស៊ាន។

    នាឱកាស​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទទួលបាននូវការឯកភាពពីលោកអគ្គលេខាធិការUN ក្នុងនោគឺ៖

    • ១-ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានអនុញ្ញាតឲ្យបន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែល​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាង​ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានបន្តថា កម្ពុជាពិតជាមានឆន្ទះពេញលេញក្នុងការបន្តធ្វើការងារ ជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស។
    • ទី២-លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ និងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ លោកមាន​បានមានប្រសាសន៍បន្តថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះ​ ដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើ​ និងអនុវត្តន៍ពីពេលមុនៗ។ គឺមានន័យថា អង្គការសហប្រជាជាតិបានស្នើឲ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្រ្តីបុគ្គលិកកម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម និង
    • ទី៣-រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសំរេចបានថែមទៀតលើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់ UN ថាតើប្រទេសណាទៀតដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

    លោកអគ្គលេខាធិការ UN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ ប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។ លើចំណុចទី ២ និងទី៣ គឺលោកអគ្គលេខាធិការមានប្រសាសន៍ថា​ កម្ពុជាពិតជាមានឆន្ទ:ពិតប្រាកដ​ ក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕

    អត្ថបទទាក់ទង