ខ្មែរប៉ុស្ដិ៍ Close

នៅសប្តាហ៍ក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
នៅសប្តាហ៍ក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។  នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចេញ​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០១៨នេះ។

សេចក្តី​ប្រកាស​ព័ត៌មានបានបញ្ជាក់ថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព» ហើយប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជនសំខាន់ៗមួយចំនួនទៀត។

ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោក​នាយករដ្ឋមន្រ្តី នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ផងដែរ។

នៅក្នុងកំរិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និង មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។

គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត៕

អត្ថបទទាក់ទង