ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបសារអគ្គលេខាអង្គការសហប្រជាជាតិដោយប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពនៅក្នុងពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបសារអគ្គលេខាអង្គការសហប្រជាជាតិដោយប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពនៅក្នុងពិភពលោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបសារអគ្គលេខាអង្គការសហប្រជាជាតិដោយប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពនៅក្នុងពិភពលោក

ឆ្លើយតបនឹងសាររបស់ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលផ្ញើជូនសម្តេចដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវនៅប្រទេសម៉ាលីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ ហើយបានបង្ហាញការប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានខ្លឹមសារថា៖ «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខ របស់ ឯកឧត្តម ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អំពីការបាត់បង់ដ៏សោកសង្រេងរបស់ នាយទាហានជាន់ខ្ពស់ ស សាវី កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា ក្នុងបេសកកម្ម រក្សាស្ថេរភាពចម្រុះនៅសាធារណរដ្ឋម៉ាលី (MINUSMA) ដោយសារជំងឺកូវីដ-១៩។

សេចក្ដីក្លាហាន និងពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការត្រៀមខ្លួនរួចជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក»។

សូមបញ្ជាក់ថា លោក Antonio Guterres បានផ្ញើសារលិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវមួយរូប នៅប្រទេសម៉ាលី កាលពីចុងខែឧសភា កន្លងទៅនេះ។ លោក Antonio Guterres បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា នៃបេសកកម្ម រក្សាស្ថិរភាពចម្រុះនៅសាធារណរដ្ឋម៉ាលី (MINUSMA) ក្នុងទីក្រុងហ្គាវ (GAO) កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ កន្លងមក។
ក្នុងឱកាសដ៏សោកសៅនេះ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដោយស្មោះអស់ពីដួងចិត្ត ចំពោះក្រុម គ្រួសារនៃសព និងរាជរដ្ឋាភិបាលកម្ពុជាលើការបាត់បង់ជីវិតដ៏សោកសង្រេងនេះ ព្រមទាំងសូមសម្ដែងនូវការ កោតសរសើរចំពោះការចូលរួមចំណែក ដែលបានធ្វើឡើងដោយជនរួមជាតិរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់កិច្ចការងាររក្សាសន្តិភាពរបស់យើង នៅសាធារណរដ្ឋម៉ាលី។ ខ្ញុំសូមអះអាងចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីថា អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្ដារដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះ ប្ដេជ្ញាពង្រឹងកិច្ចខិតខំថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លើបេសកកម្មរក្សាសន្តិភាពរបស់យើង។

ស្របពេលនៃការចាត់វិធានការក្នុងការធានាសុវត្ថិភាព និងសន្តិសុខ របស់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកដទៃទៀត បេសកកម្មនានារបស់យើង នឹងខិតខំបន្តផ្តល់អាណត្តិរបស់ពួកគេ។ ក្នុងន័យនេះ ខ្ញុំសូមសម្ដែងជាថ្មី នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រដ៏មុតមាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់អ.ស.ប. និងជាពិសេសដល់ប្រតិបត្តិការរក្សាសន្តិភាព»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី។ ទាហានដែលបានទទួលមរណភាពនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕

អត្ថបទទាក់ទង