ខ្មែរប៉ុស្ដិ៍ Close

លោក​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​ពិភពលោក​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​ បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 28

លោក ហ៊ុន សែន ដែល​ទើប​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ជា​ថ្មី កាល​ពី​ដើម​ខែ​កញ្ញា​នេះ បាន​ស្នើ​ឲ្យ​ពិភពលោក នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នយោបាយ ឬ​ពី​កិច្ចការ​ផ្ទៃ​ក្នុង នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​រួម​មាន កម្ពុជា ថៃ ឡាវ វៀតណាម និង​ពី​ប្រទេស​ភូមា​ជា​ដើម។ ការ​លើក​ឡើង​របស់​លោក​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិការ​សេដ្ឋ​កិច្ច​ពិភពលោក ស្តី​ពី អាស៊ាន ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង នៅ​ឯ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី ១២ កញ្ញា។

គឺ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី អាស៊ាន កាល​ពី​ថ្ងៃទី ១២ កញ្ញា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ពិភពលោក​ពិសេស​គឺ​ប្រទេស​នៅ​តំបន់​អឺរ៉ុប កុំ​លូក​ដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​បណ្តា​​ប្រទេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទន្លេ​មេគង្គ ឬ​តំបន់​អាស៊ាន ដោយ​ទុក​លទ្ធ​ភាព​ឲ្យ​ប្រទេស​​ទាំង​នោះ ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថា បណ្តា​ប្រទេស​ទាំង​នោះ មិន​យល់​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នៅ​ក្នុង​តំបន់​នោះ​ទេ​។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១២ កញ្ញា នៅ​ក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក ស្តីពី អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មេ​ដឹក​នាំ​វៀតណាម កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និង​តំណាង​ពី​ប្រទេស​ថៃ។ បើ​ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក្តី ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​លើក​ឡើង​ថា បើ​គេ​មិន​ខិត​ខំ​ដក​ឧបសគ្គ​នយោបាយ​ខ្លះ ចេញ​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រប​ខណ្ឌ​ទន្លេ​មេគង្គ​ទេ នោះ​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ មិន​អាច​បំពេញ​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ និង​តាម​ការ​ចង់​បាន​របស់​ប្រទេស​(អឺរ៉ុប)​នោះ​ទេ។ លោក​ថា ប្រទេស​ទាំង​នោះ​តែង​តែ​ទះ​ក្បាល​របស់​យើង ហើយ​ប្រាប់​យើង​ឲ្យ​ធ្វើ​អ្វី ដែល​ពួក​គេ​ចង់​បាន។ លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ចាត់​ទុក​ថា ក្រុម​មេដឹក​នាំ​នៅ​ក្នុង​ប្រទេស​ទន្លេ​មេគង្គ​នេះ គឺ​ក្រុម​រង​គ្រោះ​នយោ​បាយ​។

លោក​នាយក​រដ្ឋ​​មន្ត្រី​បាន​លើក​ឧទាហរណ៍​ថា តួ​យ៉ាង​ដូច​ជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ គឺ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹក​នាំ​បក្ស​តែ​មួយ​។ ចំណែក​នៅ​ប្រទេស​ភូមា កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត បន្ទាប់​ពី​ប្រទេស​នេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជា​ប្រទេស​ប្រល័យ​ពូជ​សាសន៍ ខណៈ​ដែល​ភូមា កំពុង​ខិត​ខំ​ពុះ​ពារ​ឧបសគ្គ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន តួ​យ៉ាង បញ្ហា​សន្តិសុខ និង​ជម្លោះ​រវាង​ក្រុម​មួយ និង​ក្រុម​មួយ​ទៀត​ជា​ដើម​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ទាញ​ឧទាហរណ៍ ពី​ប្រទេស​ថៃ​ដែរ​ថា បើ​ទោះ​បី​ជា​ប្រទេស​នេះ បាន​កំណត់​កាល​បរិច្ឆេទ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ក្តី តែ​ពិភពលោក​គួរ​តែ​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស ដែល​កំពុង​ដឹក​នាំ​ដោយ​របប​យោធា​នេះ​។ បើ​តាម​លោក ហ៊ុន សែន គឺ​សុំ​ឲ្យ​ពិភពលោក នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ទាំង​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទន្លេ​មេគង្គ មាន​ឱកាស​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​មាន​សេចក្តី​សុខ​ខាង​នយោ​បាយ​ផង​។
គួរ​ជំរាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ភ្ជាប់​ជា​មួយ​បញ្ហា​ពី​ប្រទេស​ខាង​លើ​នេះ គឺ​ចំ​ពេល​ដែល​រដ្ឋា​ភិបាល​ថ្មី​របស់​លោក​ដែល​ទើប​មាន​អាយុ​១​សប្តាហ៍​មក​នេះ កំពុង​រង​សម្ពាធ និង​ការ​រិះ​គន់​ពី​សហគមន៍​អន្តរ​ជាតិ ពិសេស​ពី​សហ​រដ្ឋអាមេរិក និង​សហ​ភាព​អឺរ៉ុប ចំពោះ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង​៕

ប្រភព៖ rfi

អត្ថបទទាក់ទង