ខ្មែរប៉ុស្ដិ៍ Close

ប្រទេសអាស៊ាន ៥ ស្នើ​ទៅ UNESCO ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 28
ប្រទេសអាស៊ាន ៥ ស្នើ​ទៅ UNESCO ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក ឈុត​មួយ​ ក្នុង​ការ​សម្ដែង​ល្ខោន​ខោល នៅ​សមាគម​សិល្បៈសុវណ្ណ​ភូមិ​ កាលពី​សប្ដាហ៍​មុន

អគ្គ​លេខាធិការ​ដ្ឋាននៃ​អង្គការ UNESCO បាន​ទទួល​ឯកសារ​ចំនួន ៥០ ពីប្រទេស​នានា ដែល​បាន​​បំពេញ​បែបបទស្នើ​សុំដាក់​សម្បត្តិ​វប្បធម៌​របស់ខ្លួន ជាសម្បត្តិ​បេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាចុងឆ្នាំ ២០១៨នេះ។ ក្នុង​ចំណោម​ឯកសារ​ទាំង៥០នោះ មាន​ឯកសារ​ពី​ប្រទេស​អាស៊ានចំនួន ៥ ផងដែរគឺ ៖

  • កម្ពុជា៖ ល្ខោន​ខោល វត្ត​ស្វាយអណ្ដែត (ដាក់ឯកសារ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)
  • ថៃ៖ ល្ខោន Khon (ដាក់ឯកសារ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧)
  • ឡាវ៖ សិល្បៈ​​នៃ​ការ​ត្បាញ​​ Traditional art of Naga weaving (ដាក់ឯកសារ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧)
  • ម៉ាឡេស៊ី៖ របាំប្រពៃណី​ Dondang Sayang (ដាក់ឯកសារ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧)
  • ឥណ្ឌូណេស៊ី រួមគ្នាជាមួយ​ ម៉ាឡេស៊ី៖ ទម្រង់​សិល្បៈ Pantun (ជាទម្រង់​សិល្បៈ​នៃ​ការ​និយាយ​សម្ដែង​លើ​ឆាក ជាលក្ខណៈ​កំណាព្យ ឬនិយាយឆ្លើយឆ្លង​គ្នា​)។ (ដាក់ឯកសារ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)

សូមបញ្ជាក់ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ៥ គឺ​មាន​តែ​កម្ពុជាទេ ដែល​​បាន​ស្នើ​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន (ល្ខោន​ខោល) ​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ​ការពារ និងអភិរក្ស​បន្ទាន់ (Urgent Safeguarding List) ខណៈប្រទេស​អាស៊ាន ៤ ទៀត បាន​ស្នើ​ដាក់​ក្នុង​បញ្ជី​តំណាង ឬ Representative List តែប៉ុណ្ណោះ ។

UNESCO នឹង​ធ្វើការ​ត្រួត​ពិនិត្យ​លើ​ឯកសារ​របស់​ប្រទេស​នីមួយៗ នៅក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន នា​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

វត្ត​ស្វាយ​អណ្ដែត
វត្ត​ស្វាយ​អណ្ដែត

ហេតុអ្វី​បាន​ជា​គេ​ហៅថា​ “ល្ខោន​ខោល​វត្ត​ស្វាយអណ្ដែត”?

វត្ត​ស្វាយ​អណ្ដែត មាន​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្ត​ស្វាយ​អណ្ដែត មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​វត្ត​ដទៃ ដោយ​សារ​តែ​វត្ត​នេះ មាន​វង់ល្ខោន​ខោល​ផ្ទាល់ខ្លួន ដែល​គេ​ហៅថា “ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត”។ ជារៀងរាល់​ឆ្នាំ គេ​តែង​ធ្វើ​ពិធី​សំពះ​គ្រូ លៀង​មេមត់បង់បត់​ សុំ​សេចក្ដីសុខ​ដល់​កូន​សិស្ស​​ល្ខោន​ខោល និង​អ្នក​ស្រុក​អ្នក​ភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយ​​ពិ​ធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការ​ព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំ​ណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែលនឹងកំណើតរាជធានីភ្នំពេញដែរ៕

រោង​ល្ខោន​ខោល​នៅ​ក្នុង​វត្ត​ស្វាយ​អណ្ដែត (រូបភាព៖ ភាណីរូបិនី)
រោង​ល្ខោន​ខោល​នៅ​ក្នុង​វត្ត​ស្វាយ​អណ្ដែត (រូបភាព៖ ភាណីរូបិនី)
ពិធីហោមរោងល្ខោនខោល វត្តស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)
ពិធីហោមរោងល្ខោនខោល វត្តស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)
សម្ភារៈ​សម្ដែង​ល្ខោន​ខោល នៅ​ក្នុង​វត្ត​ស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)
សម្ភារៈ​សម្ដែង​ល្ខោន​ខោល នៅ​ក្នុង​វត្ត​ស្វាយអណ្ដែត (រូបភាព៖ ភាណីរូបិនី)

អត្ថបទ៖ ខ្លីៗ

អត្ថបទទាក់ទង