លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃស្អែកនោះឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា នឹងគ្មានការដោះលែងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ស្អែកនេះនោះឡើយ។ ការបញ្ជាក់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យ និងពាក្យចចាមអារ៉ាមមួយចំនួនថា អាចនឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃស្អែកនេះ។
ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាងមួយម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា កំពុងស្ថិតជាពិរុទ្ធជននៅឡើយ មិនទាន់ក្លាយជាទណ្ឌិតនោះទេ ដូច្នេះគ្មានការស្នើសុំណាមួយ ដើម្បីដោះលែងនោះឡើយ ដោយលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់អ្នកនៅត្រពាំងផ្លុងស្ថិតនៅក្នុងក្របខណ្ឌពិរុទ្ធជននៅឡើយមិនមែនជាទណ្ឌិតទេ! សូមផ្តាំកុំភ្លើពេក នៅជាពិរុទ្ធជនទេ គ្មាននរណាដោះលែងទេកុំទៅបង្ករឿង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ទោសក្បត់ជាតិរបស់លោក កឹម សុខា គឺជាទោសមួយធ្ងន់ធ្ងរមិនអាចលើកលែងបាននោះឡើយ «នរណាដោះលែង? នរណាដោះលែង? បើគេមិនទាន់កាត់ទោសផង មានទោសឯណាសម្រាប់លើកឲ្យវា! ឯលើកលែងការចោទប្រកាន់អត់ទេ នរណាជាអ្នកលើកលែង? រឿងនេះក្តីក្តាំក្នុងទោសក្បត់ជាតិ នរណាលើកលែង? ក្នុងឋានៈខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំនៅតែបន្តប្តឹងដាច់ខាត»។
ទន្ទឹមនឹងការបញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាទៅកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការលើឈ្មោះ ណុប ប៊ុនហូរ ផងដែរ ដោយជននេះត្រូវបាន លោកនាយករដ្ឋមន្រ្តី អះអាងថា ជាមេចលនាបំផុសប្រជាពលរដ្ឋឲ្យទៅរង់ចាំទទួលលោក កឹម សុខា ពីពន្ធនាគារ។
សូមជម្រាបផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថាពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ ជិតដល់ថ្ងៃកំណត់។
គួររំលឹកផងដែរថា កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សវនាការដែលត្រូវចាប់ផ្តើមក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ ដោយឡែកមេធាវីម្នាក់របស់ លោក កឹម សុខា បានបញ្ជាក់ឱ្យដឹងផងដែរថា មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏នឹងត្រូវមានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕