ខ្មែរប៉ុស្ដិ៍ Close

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ដោយ​ទទូច​ចំពោះ​ម្ចាស់​អាជីវកម្ម​លក់ដូរ​នា​នា និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 49
សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ដោយ​ទទូច​ចំពោះ​ម្ចាស់​អាជីវកម្ម​លក់ដូរ​នា​នា និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ដោយ​ទទូច​ចំពោះ​ម្ចាស់​អាជីវកម្ម​លក់ដូរ​នា​នា និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនា​បី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ស្នើ​ដោយ​ទទូច ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ទាំង​ហាង​លក់ដូរ ទាំង​អ្នករកស៊ី អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស់ ហើយ​ការចូលទៅ​ហាង ឬ​ការ​ទទួលទាន​នានា ក៏ត្រូវ​អនុវត្តន៍​ទៅតាម​គម្លាត​សង្គម ដែល​បាន​កំណត់ដោយ​ក្រសួងសុខាភិបាល​។​

​ក្នុង​សារ​ជា​សំឡេង​ថ្មី​មួយទៀត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​»​ដែល​បាន​ផ្សព្វផ្សាយ​នា​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ​ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កន្លងទៅនេះ​យើង​បាន​ពិនិត្យឃើញថា ករណី​ដែលមាន​ការឆ្លង​វីរុស​កូ​វីដ​១៩ ដូចជា​នៅក្នុង​ហាង​ទំនិញ​មួយ ដែលមាន​មនុស្ស​ឆ្លង​ច្រើន យើង​ពិនិត្យឃើញថា បញ្ហាសំខាន់ គឺ​ការបំពាន​ទៅលើ​សុវត្ថិភាព គម្លាត​បុគ្គល ហើយ​និង​ការខ្វះ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា “​ក្នុងន័យនេះ ខ្ញុំ​សូម​រម្លឹក​ចំពោះ អភិបាលខេត្ត រាជធានី​ទាំងអស់​ឱ្យបាន​ជ្រាប សូម​ចុះ​តាមដាន​ត្រួតពិនិត្យ​នៅ​ទីតាំង​លក់ដូរ​ទាំងអស់ ទាំង​ផ្សារ ទាំង​អគារ​លក់ដូរ​នានា ហើយ​ផ្ដល់​ការណែនាំ​ឱ្យ​ពួកគាត់​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ នូវ​វិធានការ​នានា ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​”​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ទៀតថា ប្រសិនបើ​ទីកន្លែង​នោះ​មិន​ព្រម​អនុវត្តន៍​ទេ សូម​ប្រើ​អំណាច​របស់​រដ្ឋបាលខេត្ត ឬ​រាជធានី ដើម្បី​បិទ​ហាង​នោះ​ជា​បណ្ដោះអាសន្ន​សិន​។ ព្រោះ​យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ឱ្យ​ល្អ​ជាង ជម្រើស​ធានា​ក្នុងការ​គម្លាត​សង្គម គម្លាត​បុគ្គល ការពាក់​ម៉ាស់ ការធ្វើ​អនាម័យ ទាំង​អ្នក​ចូលទៅ​ទិញ ទាំង​អ្នកលក់ ដែល​យើង​សង្កេត​នៅតាម​ហាង​មួយចំនួន គឺ​មិនបាន​បំពេញ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ក្រសួងសុខាភិបាល​នោះទេ​។

​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែង​បន្ថែមថា ក៏ប៉ុន្តែ​ការ​ថ្លោះធ្លោយ​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ គឺជា​ការ​ថ្លោះធ្លោយ​មួយ ដែល​បណ្ដាលឱ្យ​កើត​មានរឿង​ឆ្លងតាម​សហគមន៍​នេះ​មួយផ្នែក​ផងដែរ​។ ព្រោះ​អ្នក​ដែល​ចម្លង​អាចមាន​លទ្ធភាព​ទៅ​ចម្លង លុះត្រាតែ​មានលទ្ធភាព​ទៅ​កៀក​ជាមួយនឹង​អ្នក​ដែល​មិ​កមាន​ជំងឺ​។​ដូច្នេះហើយ​ខ្ញុំ​ស្នើឱ្យ​អនុវត្តន៍​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ ជាមួយនិង​ការអនុវត្ត​នូវ​គម្លាត​សង្គម គម្លាត​សុវត្ថិភាព ដែល​ក្នុងនោះ គឺ​គម្លាត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ បន្ថែម​ទៅដោយ​ការពាក់​ម៉ាស​។ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា «​ពិត​មែនហើយ​ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​ថា ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់ហើយ នូវ​ព្រះរាជក្រឹត្យ និង​សារលិខិត ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន និង​ព្រាង​នូវ​លិខិត​សម្រាប់​ប្រធានរដ្ឋសភា ព្រឹទ្ធសភា រួចស្រេច​ទៅហើយ​»​។ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់ ដើរទៅ​ដល់​ជំ​ហ៊ាន​បែប​នោះទេ ព្រោះ​វា​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​នឹង​គាំ​ទាំងស្រុង​តែម្ដង​។ ប្រសិនបើ​បិទ​ប្រទេស ឬក៏​បិទ​ផ្នែក​ណាមួយ​របស់​ប្រទេស ដូចជា រាជធានី​ភ្នំពេញ ឬ​ខេត្ត​ណាមួយ​នោះ វា​នឹង​ធ្វើឱ្យ​គាំង​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​ប៉ះពាល់​ទៅដល់​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​របស់​យើង​។ សម្ដេច​តេ​ជោ​ថ្លែង​សង្កត់ធ្ងន់ថា ប៉ុន្តែ​អ្វីដែល​ជាការ​ជំនួស​បាន យើង​ខិតខំ​ជំនួស តាមរយៈ​នៃ​ការប្រឹងប្រែង​របស់​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​របស់​យើង​តែម្ដង​។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់គ្នា​ធ្វើការ​យោគយល់​ចំពោះ​ស្ថានការណ៍ មិនមែន​សម្រាប់​ផ្ទាល់ខ្លួន​របស់​អ្នកណាម្នាក់ ឬ​បុគ្គល​ណា​នោះទេ ក៏ប៉ុន្តែ​សម្រាប់​របស់​សា​ម៉ី​ខ្លួន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង​។

​សម្ដេច​តេ​ជោ​បានរ​ម្លឹ​ង​អំពី​ព្រឹត្តិការណ៍​«​សហគមន៍​២៨​វិច្ឆិកា​»​ថា ក្នុង​ដំណោះស្រាយ​ដំបូង ខ្ញុំ​បាន​បញ្ជាក់ថា រយៈពេល​១៥​ថ្ងៃ គឺជា​រយៈពេល​ដ៏​លំបាក យើង​គ្រប់គ្រង​បាន ឬ​មិនបាន​ស្ថិតក្នុង​រយៈពេល​១៥​ថ្ងៃ​។ តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតមកដល់​ពេលនេះ មាន​រយៈពេល​៦​ថ្ងៃ​រួចមកហើយ ដែល​ក្នុង​រយៈពេល​៦​ថ្ងៃនេះ យើង​ពិនិត្យឃើញថា​ទើបតែ​ថ្ងៃនេះ​ទេ ដែល​អត្រា​ឆ្លង​គឺមាន​ចំនួន​តិច មាន​ត្រឹមតែ​០១​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ប៉ុន្មាន​ថ្ងៃមុន​មាន​ចំនួន​ច្រើន​។ ក៏ប៉ុន្តែ​នេះ​មិនមែន​មា​ន័យ​ថា យើង​បានបញ្ចប់​នូ​ស្ថានការណ៍ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ការខិតខំ ហើយ​ស្នើឱ្យ​គ្រប់​ទីកន្លែង​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​។ សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​និង​មានការ​យោគយល់ អា​ធ្យា​ស្រ័យ ជាមួយនិង​សភាពការណ៍​ដែល​បាននិងកំពុង​កើតឡើង​នៅក្នុង​ប្រទេស​៕

អត្ថបទទាក់ទង