លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្តឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ បើមិនសងសំណង ៨០០លានរៀល!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានខ្លាំងៗថា នឹងប្ដឹងអ្នកវិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។
ការព្រមានប្តឹងអ្នកវិភាគសង្គមរិះគន់មិនសំចៃមាត់លោក គឹម សុខា ដាក់ពន្ធនាគារវិញនេះ បានធ្វើឡើងក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។
ពីលើវេទិកានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានបង្ហាញការខឹងសម្បាខ្លាំងជាមួយលោក គឹម សុខ ពាក់ព័ន្ធនឹងការវិភាគមួយចំនួនដែលនាំប៉ះពាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បន្ទាប់ពីរូបលោកបានចេញពីពន្ធនាគារមកវិញ។ លោកនាយករដ្ឋមន្ត្រី បានពន្យល់ដែរថា លោក គឹម សុខា បានចេញពីពន្ធនាគារដោយសារការអនុវត្តន៍ទោសរួចរាល់នៅក្នុងពន្ធនាគារ មិនមែនជាការរួចទោសដោយសារការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនោះឡើយ។ ដូច្នេះប្រាក់សំណងដែលតុលាការតម្រូវឲ្យសងដើមបណ្តឹង គឺគណបក្សប្រជាជនកម្ពុជាប្រមាណ ៨០០លានរៀលនោះ គឺនៅតែត្រូវសងដដែលមិនបានរលាយដូចអ្នកទោសដទៃដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អ្នករួចទោសតាមរយៈការសុំលើកលែងទោសរបស់នាយករដ្ឋមន្ដ្រី ថ្វាយព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស សំណងទាំងឡាយមិនត្រូវបានសងទេ ក៏ប៉ុន្ដែផ្ទុយទៅវិញ អ្នករួចទោសដោយសាលក្រមផុតរលត់ ត្រូវតែសងលុយជំពាក់គេ» លោកនាយករដ្ឋមន្ត្រីបានបន្ដថា «អ៊ីចឹងនរណាដែលរួចទោសបែបនេះ គណបក្សប្រជាជនត្រូវគេជំពាក់ ៨០០លានរៀល អ៊ីចឹងត្រូវរកលុយសង បើមិនសងលុយទេប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោសរួចតែទោសទេ ប៉ុន្ដែលុយត្រូវសង បើករណីលើកលែងទោសអាហ្នឹងត្រូវរួចទាំងអស់ អ៊ីចឹងត្រូវបែងចែកគ្នាឲ្យច្បាស់»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចំអកផងដែរថា អ្នកដែលទើបចេញពីគុកក្ដៅៗ កុំអាលប្រហើនជាមួយលោកឲ្យសោះ ព្រោះទ្វារគុកនៅចំហ ដើម្បីចាំស្វាគមន៍ត្រឡប់ទៅវិញ បើនៅតែខ្លាំងលោកនឹងយកបញ្ចូលគុកវិញតែម្ដង។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីបានប្រលយពាក្យថា «នីតិមាត់» គឺចេញពីនីតិរដ្ឋ ដោយនិយាយផ្អែកទៅលើទិដ្ឋភាពច្បាប់តែប៉ុណ្ណោះ។
សូមរំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ១៨ខែ។
លោក គឹម សុខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង ៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មលោក កែម ឡី៕