ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រភាពជាដៃគូរវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រភាពជាដៃគូរវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រភាពជាដៃគូរវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រភាពជាដៃគូ រវាងកម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited របស់ប្រទេសចិន ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់តម្លៃ (ដាំដុះ និងកែច្នៃ) សំដៅលើកស្ទួយឧស្សាហកម្មក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសាកលឱ្យបានអតិប្បរមា។

ការប្រកាសរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាសាក្សី នៅក្នុងពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited លើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប ៨០ម៉ឺនដុល្លារសហរដ្ឋ​អាមេរិក សម្រាប់អនុវត្តន៍ «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកស្ទួយវិស័យដំឡូងមី ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។ លោករដ្ឋមន្ត្រី បានបង្ហាញជំនឿថា មូលនិធិថ្មីនេះនឹងនាំមកនូវផ្លែផ្កា និងអត្ថប្រយោជន៍រួមសម្រាប់តួអង្គពាក់ព័ន្ធ ជាពិសេសកសិករដាំដុះដំឡូងមី ព្រមទាំងក្លាយជាគំរូហិរញ្ញវត្ថុថ្មីនៃភាពជាដៃគូរវាងវិស័យសាធារណៈនិងផ្នែកឯកជន។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម និងអង្គការ UNDP បានប្តេជ្ញាក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតលើការលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយការផ្តួចផ្តើមអនុវត្តន៍គម្រោងថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត បន្ទាប់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ។

សូមជម្រាបថា «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» នឹងត្រូវអនុវត្តន៍ ក្នុងរយៈពេល ៣ឆ្នាំ ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។ តាមរយៈពិធីចុះហត្ថលេខាថ្ងៃនេះ អង្គការ UNDP នឹងដឹកនាំបង្កើតគំរូការធ្វើកសិកម្មតាមកិច្ចសន្យា ដែលមានរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយបរិយាកាសអំណោយផលក្នុងតំបន់សម្រាប់ប្រតិបត្តិការគម្រោង ចំណែកក្រុមហ៊ុនចិន Green Leader Holdings Group Limited នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមី ជាមួយបច្ចេកវិទ្យាខ្ពស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាក​សិករដាំដំឡូងមី នៅតាមបណ្តាខេត្តនានា ក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរពាណិជ្ជកម្មដំឡូងមី ប្រកបដោយនិរន្តភាព។

ដោយឡែក ក្រសួងពាណិជ្ជកម្ម នឹងបង្កើតវេទិកាសន្ទនាសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសម្របសម្រួលការប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហានានា (ចំណុចកដប) ដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទទាក់ទង